មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ នៅពេលគ្រូពេទ្យយល់ដឹង និងអនុវត្ដគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ នឹងធ្វើឱ្យការព្យាបាលប្រកបដោយសុវត្ថិភាព និងទុកចិត្ដពីអ្នកជំងឺ

23-01-2026 16:40

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថា ទោះបីជាបច្ចុប្បន្នគ្រូពេទ្យភាគច្រើនមានចំណេះដឹងជំនាញនិងបទពិសោធន៍ ប៉ុន្តែក្នុងដំណើរការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ មានពេលខ្លះនៅមានការខ្វះខាតនៅឡើយ ដែលទាមទារឱ្យគ្រូពេទ្យមួយចំនួនតូច ចាំបាច់ត្រូវយល់ពីក្រមសីលធម៌គ្រូពេទ្យនេះឱ្យបានច្បាស់លាស់ កុំឱ្យមានកំហុសឆ្គងណាមួយពេលបម្រើសេវា ដែលធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត។

លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា ដូចនេះហើយបានជាគណៈគ្រូពេទ្យ តែងតែរំលឹកដល់គ្រូពេទ្យឱ្យអនុវត្តស្របទៅតាមគោលការណ៍ក្រមសីលធម៌ ដែលជាត្រីវិស័យក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការបម្រើសេវាឬធ្វើអ្វីមួយជូនដល់អ្នកជំងឺ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការព្យាបាល។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពី «ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ» នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ត្រាចារ្យបានថ្លែងបន្ដថា «នៅពេលគ្រូពេទ្យបានយល់ដឹងច្បាស់លាស់ពីគោលការណ៍ក្រមសីលធម៌នេះ នឹងធ្វើឱ្យការសម្រេចចិត្តក្នុងការព្យាបាលបានត្រឹមត្រូវ និងអាចដឹងពីការខ្វះចន្លោះខ្លួនឯង និងអាចបំពេញនូវចន្លោះខ្វះខាតទាំងនោះបានយ៉ាងល្អប្រសើរ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន ពិសេសបង្កើននូវជំនឿទំនុកចិត្តរបស់ប្រជាជនមកលើសេវាសុខាភិបាលរបស់យើង»

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា អ្នកប្រកបវិជ្ជាជីវៈបានរៀនពីសាលារួចហើយពីតួនាទីរបស់ពេទ្យ ដូចជាទី១៖ ចំពោះខ្លួនឯង, ទី២ចំពោះវិជ្ជាជីវៈ និងទី៣៖ ចំពោះសង្គមសហគមន៍។ ដូចនេះគ្រូពេទ្យត្រូវថែរក្សាកិត្តិយសសេចក្តីថ្លៃថ្នូរបស់វិជ្ជាជីវៈនេះឱ្យបានល្អប្រសើរ ព្រោះថាអ្នកប្រកបវិជ្ជាជីវៈម្នាក់ៗមិនចង់ឃើញមានការរិះគន់ទៅលើគ្រូពេទ្យណាម្នាក់ឡើយ ដែលប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យទាំងមូល។

ដូច្នេះហើយទើបគណៈគ្រូពេទ្យ គណៈវិជ្ជាជីវៈទាំងអស់ ខិតខំផ្សព្វផ្សាយ និងរំលឹក ដើម្បីឱ្យក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល យល់ដឹងបន្ថែម និងអនុវត្ដន៍គោលការណ៍នៃក្រមសីលធម៌នេះឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះដែរលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានសម្ដែងនូវការថ្លែងអំណរគុណ
ដល់ថ្នាក់ដឹកនាំ។ លោកសាស្ត្រាចារ្យ លូ លីឃាង បានឱ្យដឹងថាទៀតថា ការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រដល់បុគ្គលិក គ្រូពេទ្យនាពេលនេះ គឺមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីច្បាប់ បទដ្ឋានគតិ យុត្ត និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យមាន គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ពិសេសក្នុងការការពារ និងលើកកម្ពស់សុខភាព សុខុមាលភាពរបស់អ្នកជំងឺ។

លោក សាស្តាចារ្យ រង បានបន្តទៀតថា «ការគោរព និងអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ មិនត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃវិជ្ជាជីវៈ ដែលគ្រូពេទ្យ និងអ្នកបម្រើសេវា សុខាភិបាលគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់ យ៉ាងស្មោះត្រង់ ជាប់លាប់ និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាគន្លឹះសំខាន់ ក្នុងការធានាទំនុកចិត្តពីប្រជាជន សង្គមជាតិ និងការអភិវឌ្ឍវិស័យសុខាភិបា លកម្ពុជាឱ្យមានភាពរឹងមាំ និងចីរភាព»

លោកសាស្តាចារ្យក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ត្រូវយកចំណេះដឹងពីការផ្សព្វផ្សាយនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រពិតប្រាកដ។

សូមជម្រាបក្នុងពិធីផ្សព្វផ្សាយខាងលើនេះ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងលោកសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល និងជាអនុប្រធានគណៈគ្រូពេទ្យជាតិ ក៏បានអញ្ជើញឡើងធ្វើបទបង្ហាញចំណុចគន្លឹះៗយ៉ាងលម្អិត ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួងផងដែរ ។សម្រាប់បេសកកម្មដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជននេះ គណៈគ្រូពេទ្យជាតិ នឹងបន្ដធ្វើការផ្សព្វផ្សាយយ៉ាងសកម្មភាពនៅទូទាំងប្រទេសប្រទេសផងដែរ៕