អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦

23-01-2026 17:08

(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនមន្ទីរជំនាញ អង្គភាពជុំវិញខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកអភិបាលក្រុង ស្រុក លោក បឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោក អឿ ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្តបន្ទាយមានជ័យ រួមទាំងមានអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ លោក បឹង គឹមសឹង បានបញ្ជាក់ឱ្យដឹងថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំដោយអនុលោមតាមមាត្រា៥៩ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ប្រកាស ០៦៦ ក.ស.ហ.វ បានបង្កើតអង្គភាពត្រួតពិនិត្យថវិកាឲ្យនៅអមក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីត្រួតពិនិត្យការអនុវត្តថវិកា ការតាមដាន និងជំរុញការអនុវត្តចំណូល មិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែលផងដែរ។

លោក បឹង គឹមសឹង បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្ដល់មគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង ស្ថាប័ន, មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់ មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំជាដើម។

នាឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថា កិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនមន្ទីរជំនាញ អង្គភាពជុំវិញខេត្តនេះ មានសារៈសំខាន់ណាស់ ក្នុងករណីមិនបានបំពេញព័ត៌មានគ្រប់គ្រាន់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងជូនព័ត៌មាន ដើម្បីឲ្យក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ធ្វើការបំពេញបន្ថែម ហើយប្រសិនបើនៅតែមិនអាចបំពេញបានទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិទ្ធិគ្រប់គ្រាន់ក្នុងការយកមូលដ្ឋាននៃកម្រិតចំណាយគោល ដោយប្រើគោលការណ៍កំណត់ កញ្ចប់តាមជំពូកខាងលើសម្រាប់កំណត់គម្រោងថវិកាឆ្នាំ២០២៦។

លោកបានឲ្យដឹងបន្តទៀតថា ខ្លឹមសារកិច្ចប្រជុំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការព្រមទាំងគោលការណ៍ និងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់សម្រាប់ជាមូលដ្ឋានដល់ក្រសួងស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឲ្យបានជោគជ័យនូវគោលបំណងគោលនយោបាយ និងកម្មវិធីដើម្បីរួមចំណែកសម្រេចឲ្យ បានគោលនយោបាយរួមរបស់រាជរាដ្ឋាភិបាល៕