លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ក្នុងសមរភូមិការពារបូរណភាពទឹកដី

23-01-2026 17:12

(កំពត)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពត ជាមួយនឹងសេចក្តីទុក្ខព្រួយជាពន់ពេក។

ក្នុងវេលានេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។

ឆ្លៀតក្នុងដំណេីរនេះលោកជំទាវបណ្ឌិត ថែមទាំងបានចូលសួរសុខទុក្ខលោកយាយរបស់វីរកងទ័ពកំពុងឈរជេីងនៅព្រំដែន ដោយមានភ្ជាប់ជូននូវអំណោយជាថវិកា សម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគជូនលោកយាយ និងចៅស្រី ដែលរស់នៅមេីលថែយាយផងដែរ។

ថ្នាក់ដឹកនាំរួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូប ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕