កម្ពុជា សហភាពអឺរ៉ុប និងអង្គការ ILO ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍
23-01-2026 17:17
(ភ្នំពេញ)៖ លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់លើកទី២ នៃគម្រោងការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ ដែលហៅកាត់ថា ILO-PROTECT កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់វ៉េ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាពីវឌ្ឍនភាព និងចែករំលែកបទពិសោធដែលទទួលបានពីការអនុវត្តគម្រោងក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ព្រមទាំងពិភាក្សាលើការកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦។ លើសពីនេះ អង្គប្រជុំក៏បានផ្តោតលើការរឹតចំណងកិច្ចសហការ រវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ឱ្យកាន់តែរឹងមាំ។
ក្នុងឱកាសនោះ លោក ហ៊ូ វុឌ្ឍី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងខិតខំជំរុញការអនុវត្តគម្រោងនេះ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាតិឱ្យស្របតាមស្តង់ដាអន្តរជាតិ សំដៅកាត់បន្ថយភាពងាយរងគ្រោះ និងទប់ស្កាត់រាល់ទម្រង់នៃការរំលោភបំពាន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ផ្លូវភេទ អំពើហិង្សា និងការជួញដូរមនុស្ស។ តាមរយៈគម្រោងនេះ ស្ត្រីនិងកុមារ នឹងទទួលបានឱកាសកាន់តែច្រើនក្នុងការទទួលបានព័ត៌មាន សេវាសង្គម និងការប្រឹក្សាយោបល់ផ្នែកច្បាប់នានា។
ជាមួយគ្នានេះដែរ លោកបានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានត្រៀមលក្ខណៈជានិច្ចក្នុងការគាំទ្រដល់ពលករខ្មែរ ដែលវិលត្រឡប់មកមាតុភូមិវិញ ដោយធានាឱ្យមានការទទួលស្វាគមន៍ប្រកបដោយសេចក្តីថ្លៃថ្នូរ និងផ្តល់សេវាចាំបាច់ទាន់ពេលវេលា ដូចជា ការជួយសម្រួលការធ្វើដំណើរ ការស្នាក់នៅ ការបណ្តុះបណ្តាលជំនាញ និងការស្វែងរកឱកាសការងារនៅក្នុងស្រុក។
ទន្ទឹមនឹងនោះ លោកស្រី Xiaoyan Qian បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា និយោជក និងកម្មករនិយោជិត។ លោកស្រីបានសង្កត់ធ្ងន់ថា គម្រោង ILO-PROTECT មានសារៈសំខាន់ណាស់ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាកសាងទីផ្សារការងារឱ្យកាន់តែរឹងមាំ និងមានបរិយាបន្ន តាមរយៈការទទួលស្គាល់ជំនាញរបស់ពលករដែលវិលត្រឡប់មកមាតុប្រទេសវិញ និងជួយភ្ជាប់ពួកគាត់ទៅកាន់ឱកាសការងារដ៏សមរម្យ។
ចំណែក លោក Bryan Fornari បានលើកឡើងថា គម្រោង ILO-PROTECT ដែលដឹកនាំដោយអង្គការ ILO និងមានការចូលរួមពីស្ថាប័ន UN ផ្សេងៗទៀត មិនត្រឹមតែជួយការពារ និងធ្វើសមាហរណកម្មពលករភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោះស្រាយបញ្ហាការធ្វើទេសន្តរប្រវេសន៍ ការកេងប្រវ័ញ្ច និងការជួញដូរមនុស្សផងដែរ។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសមភាពយេនឌ័រ និងសិទ្ធិជាមូលដ្ឋាន ដែលស្របតាមអាទិភាពជាតិ និងក្របខ័ណ្ឌអាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងនិយោជក សហជីព ព្រមទាំងអង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍យូរអង្វែង ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពលករទេសន្តរប្រវេសន៍នៅកម្ពុជា៕














