អគ្គនាយកស៊ីម៉ាក់ នាំយកអំណោយសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងប្រតិបត្តិការជួរមុខ ដែលកំពុងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់សៀម
23-01-2026 18:04
(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស និងផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២៦ ជូនកម្លាំងប្រតិបត្តិការជួរមុខ និងនាំយកអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចមហាបវរធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងប្រតិបត្តិការជួរមុខតាមបណ្តាកងឯកភាពកំចាត់មីន ដែលកំពុងមមាញឹកបំពេញប្រតិបត្តិការបោសសម្អាតតំបន់ដែលរងប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមឈ្លានពានរបស់សៀម។
កម្លាំងជំនាញជួរមុខទាំងអស់ កំពុងបម្រើកិច្ចប្រតិបត្តិការនៅតាមបណ្តោយព្រំដែនកម្ពុជា-សៀម ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំប ង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ បានទទួលអំណោយដ៍ថ្លៃថ្លានេះ។
ក្នុងឱកាសនេះ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរដោយស្មោះពីសំណាក់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះការចូលរួម និងលះបង់របស់កងកម្លាំងបោសសម្អាតមីន ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅជួរមុខ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងជំរុញការស្តារសេដ្ឋកិច្ចសង្គម ជូនពួកគាត់ឡើងវិញ។
ជាថ្មីម្ដងទៀត តាងនាមបងប្អូនអង្គភាព CMAC ទាំងមូល លោកសូមសម្ដែងនូវកត្តញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត! និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្ដេចធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ដរ៍៕











