វិភាគអន្តរជាតិ៖ ហេតុអ្វីលោកស្រី Takaichi ភ្នាល់លើការបោះឆ្នោតមុនអាណត្តិ?

23-01-2026 21:04

(តូក្យូ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃសុក្រ ទី២៣ ខែមករា បានរំលាយរដ្ឋសភាដើម្បីបើកផ្លូវសម្រាប់ការរៀបចំបោះឆ្នោតមុនអាណត្តិ ក្រោមក្តីសង្ឃឹមថា នឹងទទួលបានអំណាច រឹងមាំជាងមុន ដើម្បីជំរុញរបៀបវារៈផ្សេងៗរបស់លោកស្រី ដែលពោរពេញដោយមហិច្ឆតា។

ក្រោយរំលាយរដ្ឋសភា លោកស្រីបានស្នើឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ។ លោកស្រី Takaichi បាននិយាយថាការសម្រេចចិត្តរំលាយរដ្ឋសភា ដើម្បីបោះឆ្នោតមុនអាណត្តិបែបនេះ គឺលោកស្រីចង់សួរសាធារណជនជប៉ុនដោយផ្ទាល់ថាតើលោកស្រីសក្តិសមធ្វើជានាយករដ្ឋមន្រ្តីរបស់ពួកគេដែរឬអត់?

*​ ហេតុអ្វីលោកស្រី Takaichi ចង់បានការបោះឆ្នោតមុនអាណត្តិ?
លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនដំបូងបង្អស់ដែលជាស្រ្តី កាលពីខែតុលា ឆ្នាំ២០២៥ ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សកាន់អំណាច LDP បន្ទាប់ពីការលាលែងរបស់អតីតនាយករដ្ឋមន្រ្តី លោក Shigeru Ishiba។ ការឡើងកាន់តំណែងរបស់លោកស្រី Takaichi កើតមានឡើងចំពេលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីនិយមដែលជា បក្សកាន់អំណាចរបស់លោកស្រីបានបាត់បង់សំឡេងភាគច្រើនទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ដោយសារតែអតិផរណា និងរឿងអាស្រូវពុករលួយ។ តាមរយៈការអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិ លោកស្រី Takaichi សង្ឃឹមថាអាចនឹងទាញយកប្រយោជន៍ពីការកើនឡើងប្រជាប្រិយភាពរបស់លោកស្រីក្នុងពេលបច្ចុប្បន្ន ក្រោមក្តីសង្ឃឹមថានឹងទទួលបានអំណាចរឹងមាំជាងមុន ដើម្បីជំរុញរបៀបវារៈផ្សេងៗរបស់លោកស្រី ដែលពោរពេញដោយមហិច្ឆតាក្នុងនោះរួមមានការជំរុញកំណើនសេដ្ឋកិច្ច ដោះស្រាយបញ្ហាអតិផរណា និងរឹតបន្តឹងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងប្រទេសជប៉ុន បានធ្វើការស្ទង់មតិដែលបង្ហាញថាគណបក្ស LDP ទទួលបានការគាំទ្រ៦០ភាគរយ ដែលនេះនឹងផ្ដល់ឱ្យលោកស្រី Takaichi នូវឱកាសមួយដើម្បីស្ដារសំឡេងភាគច្រើននៃគណបក្សរបស់លោកស្រីឡើងវិញនៅក្នុងរដ្ឋសភាដ៏មានឥទ្ធិពល។ ការស្ទង់មតិមួយធ្វើឡើងដោយមានអ្នកចូលរួម ១២១៣នាក់ចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK កាលពីថ្ងៃទី១៣ ខែមករា បានបង្ហាញថាលោកស្រី Takaichi ទទួលបានការគាំទ្រ៦២ភាគរយពីអ្នកបោះឆ្នោត។ តែទោះជាបែបនេះក្ដី បើទោះជាគណបក្សរបស់លោកស្រីអាចទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាក៏ដោយ ក៏លោកស្រី Takaichi នឹងនៅតែត្រូវដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា ដែលលោកស្រីមិនអាចរំលាយបានឡើយ។ អ្នកបោះឆ្នោតជប៉ុនត្រូវបោះឆ្នោតជ្រើសរើសសមាជិកពាក់កណ្ដាលនៃព្រឹទ្ធសភាជារៀងរាល់៣ឆ្នាំម្ដង ហើយការបោះឆ្នោតបន្ទាប់ មិនអាចធ្វើឡើងឡើយរហូតដល់ឆ្នាំ២០២៨។

* បើគណបក្ស LDP ទទួលបានជ័យជម្នះ
ជ័យជម្នះក្នុងសំឡេងភាគច្រើនលើសលុបណាមួយនឹងផ្ដល់ឱ្យលោកស្រី Takaichi នូវអំណាចកាន់តែខ្លាំងក្នុងគណបក្ស LDP និងអាចកាត់បន្ថយការពឹងផ្អែករបស់លោកស្រីលើគណបក្សតូចៗដើម្បីអនុម័តច្បាប់សំខាន់ៗ។ មិនតែប៉ុណ្ណោះ វាក៏អាចបើកផ្លូវឱ្យលោកស្រីជំរុញទៅមុខជាមួយផែនការបង្កើនការចំណាយរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកញ្ចប់ថវិកាការពារជាតិ នៅក្រោមការកែប្រែយុទ្ធសាស្ត្រ សន្តិសុខជាតិមួយ នៅចំពោះមុខការកើនឡើងភាពតានតឹងជាមួយចិន។ ការកែប្រែយុទ្ធសាស្ត្រសន្តិសុខជាតិនេះអាចជាការឱ្យសញ្ញាបន្ថែមបង្ហាញថាជប៉ុនកំពុងបោះជំហានថែមទៀតដើរចេញពីការរឹតត្បិតជាច្រើន នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយម ក្នុងនោះរួមមានទាំងគោលការណ៍ជាយូរណាស់មកហើយដែលហាមឃាត់មិនឱ្យមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីជប៉ុន។ នៅចំពោះមុខការកើនឡើងអតិផរណា និងការធ្លាក់ចុះប្រាក់យ៉េន ធៀបទៅនឹងលុយដុល្លារអាមេរិក បញ្ហាជីវភាពរស់នៅរបស់ប្រជាជនជប៉ុននឹងក្លាយជាប្រធានបទមួយដែលគ្របដណ្ដប់លើយុទ្ធនាការឃោសនាបោះឆ្នោត។

ការស្ទង់មតិរបស់ NHK បានបង្ហាញថា៤៥ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍បាននិយាយថាអ្វីដែលជាបញ្ហាកង្វល់ធំបំផុតរបស់ពួកគេ នោះគឺបញ្ហាអតិផរណា និង១៦ភាគរយថាការទូត និងសន្តិសុខជាតិ។

នៅថ្ងៃបោះឆ្នោត គណបក្សនយោបាយជប៉ុនទាំងអស់នឹងត្រូវប្រកួតប្រជែងគ្នាដណ្ដើមអាសន:ក្នុងរដ្ឋសភាសរុបចំនួន ៤៦៥អាសនៈ ហើយដើម្បីបានសំឡេងភាគច្រើនគណបក្សមួយត្រូវឈ្នះឱ្យបាន ២៣៣អាសនៈ។ បច្ចុប្បន្ន គណបក្ស LDP មានអាសនៈ១៩៩ នៅក្នុងរដ្ឋសភា និងកំពុងដឹកនាំរដ្ឋាភិបាលដោយមានការគាំទ្រពីគណបក្សជាដៃគូក្នុងក្រុមចម្រុះគឺគណបក្ស Japan Innovation Party ឬ Ishin ដែលមាន៣៤អាសនៈ។ ចំណែក គណបក្សប្រឆាំងធំបំផុតរបស់ជប៉ុន គឺគណបក្ស Constitutional Democratic Party of Japan បានចូលរួមកម្លាំងជាមួយគណបក្ស Komeito ដែលជាអតីតបក្សដៃគូរបស់ក្រុមចម្រុះរបស់ LDP នៅក្រោមសម្ព័ន្ធគណបក្សថ្មីមួយឈ្មោះថា Centrist Reform Alliance party។ ការរួបរួមគ្នានេះបានធ្វើឱ្យគណបក្សប្រឆាំងទាំង២ក្ដាប់អាសនៈក្នុងដៃ ១៧២អាសនៈ។ កាន់តែសំខាន់ទៅទៀតអ្វីដែលគេត្រូវផ្តោត ដែរនោះ គឺថាតើលោកស្រី Takaichi អាចធ្វើបានល្អដល់កម្រិតណាក្នុងការប្រកួតប្រជែងជាមួយគណបក្សស្ដាំនិយមជ្រុល Sanseito Party បន្ទាប់ពីការអំពាវនាវរបស់គណបក្សនេះឱ្យមានការរឹតបន្តឹងគ្រប់គ្រងលើអន្តោប្រវេសន៍បានទាញយកសំឡេងឆ្នោតពីអ្នកគាំទ្រគណបក្ស LDP នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ឬសភាជាន់ខ្ពស់កាលពីខែកក្កដា ឆ្នាំ២០២៥ ជាពេលដែលគណបក្ស Sanseito ឈ្នះបាន១៤អាសនៈ។

គួរបញ្ជាក់ថា ក្រោយរំលាយរដ្ឋសភានៅថ្ងៃទី២៣ ខែមករា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវធ្វើឡើងជាផ្លូវការនៅថ្ងៃទី២៧ ខែមករា។ ប្រសិនបើគណបក្ស LDP និងគណបក្ស Ishin ទទួលបានអាសនៈ ភាគច្រើន នោះលោកស្រី Takaichi នឹងត្រូវបានទទួលស្គាល់ជានាយករដ្ឋមន្ត្រីក្នុងសម័យប្រជុំពិសេសមួយរបស់រដ្ឋសភាជប៉ុន។ ផ្ទុយទៅវិញ បើមិនអាចបានសំឡេងភាគច្រើនទេ នោះលោកស្រី Takaichi នឹងត្រូវបង្ខំចិត្តស្វែងរកដៃគូក្រុមចម្រុះថ្មីមួយ ឬក៏ស្វែងរកការគាំទ្រពីគណបក្សតូចៗ។ បើរឿងបែបនេះកើតឡើងពិតមែន នោះវានឹងធ្វើឱ្យអំណាចរបស់លោកស្រី Takaichi ចុះខ្សោយ៕