មន្ដ្រីជាន់ខ្ពស់សុខាភិបាល ណែនាំដល់គណទន្តពេទ្យ និងគណវិជ្ជាជីវៈសុខាភិបាលទាំងអស់ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងអនុវត្ដន៍តាមស្តង់ដា ដើម្បីសុខភាព និងសុខុមាលភាពប្រជាជន
23-01-2026 21:15
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកសន្និសីទសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានណែនាំដល់គណទន្តពេទ្យ និងគណវិជ្ជាជីវៈសុខាភិបាលទាំងអស់ លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងអនុវត្ដន៍តាមស្តង់ដា ដើម្បីសុខភាព និងសុខុមាលភាពប្រជាជន។
សន្និសីទលើកទី៤ ប្រចាំឆ្នាំ២០២៦ របស់សមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា ក្រោមប្រធានបទ «ការពង្រឹងសុវត្ថិភាពអ្នកជំងឺ ក្នុងវិស័យវះកាត់មុខមាត់ និងឆ្អឹងថ្គាម»
ដែលមានរយៈពេល២ថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៦ ក្នុងនាមលោកសាស្ត្រាចារ្យ ឡឹម តារា តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ការអនុវត្តតាមស្តង់ដារជាតិ និងអន្តរជាតិ និងការពង្រឹងគុណភាព-សុវត្ថិភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
លោកសាស្ដ្រាចារ្យ ឡឹម តារា ក៏បានគូសបញ្ជាក់ពីក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈសុខាភិបាល (ទន្តពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប )ទាំងអស់។ «ការអនុវត្តគោលការក្រមសីលធម៌ ការគោរពសុចរិតភាព ការទទួលខុសត្រូវចំពោះកំហុស និងការបន្តរៀនសូត្រជាប្រចាំ គឺជាកត្តាដែលមិនអាចខ្វះបាន ក្នុងការពង្រឹងសុវត្ថិភាពអ្នកជំងឺ និងចុងក្រោយគឺរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងការជឿជាក់របស់សាធារណជនចំពោះវិជ្ជាជីវៈសុខាភិបាលយើង (ទន្តពេទ្យ)»។
លើសពីនោះលោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា គណទន្តពេទ្យ និងគណវិជ្ជាជីវៈសុខាភិបាលទាំងអស់ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងធានាគុណភាពវិជ្ជាជីវៈ តាមរយៈការចុះបញ្ជីការ ផ្តល់អាជ្ញាបណ្ណ ការបន្តអភិវឌ្ឍវិជ្ជាជីវៈ (CPD) និងការត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈឲ្យស្របតាមច្បាប់ គោលការក្រមសីលធម៌ និងស្តង់ដារ។ ជាពិសេសការសហការយ៉ាងជិតស្និទ្ធរវាងសមាគមវិជ្ជាជីវៈ និងគណទន្តពេទ្យ គឺជាគន្លឹះសំខាន់ ដើម្បីបង្កើតប្រព័ន្ធសុខាភិបាលរឹងមាំដែលមានវិន័យ មានទំនួលខុសត្រូវ និងទទួលបានទំនុកចិត្តពីសង្គម។
លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ទៀតថា «សម្រាប់ឯកទេសវះកាត់មុខមាត់ និងឆ្អឹងថ្គាម ក៏មានការចូលរួមយ៉ាងសំខាន់ ក្នុងការសម្រេចគោលដៅការធានាសុខភាពសកល តាមរយៈការផ្តល់សេវាសុខាភិបាលដែលមានគុណភាព សុវត្ថិភាព អាចរកបាន និងមានតម្លៃសមរម្យ ដោយមិនធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងបន្ទុកហិរញ្ញវត្ថុ។ ការពង្រឹងសេវាទន្តសាស្ត្រ និងទន្តវះកាត់ នៅគ្រប់កម្រិតសេវាសុខាភិបាល គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន»។
ដូច្នេះក្រសួងសុខាភិបាល នឹងបន្តគាំទ្រ និងលើកទឹកចិត្តឲ្យមានការចូលរួមសកម្មពីសមាគមវិជ្ជាជីវៈ គណទន្តពេទ្យ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអភិវឌ្ឍគោលនយោបាយ ស្តង់ដារ និងធនធានមនុស្សសុខាភិបាល ដើម្បីឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលមានគុណភាព សមធម៌ ភាពធន់និងចីរភាព។
លោកសាស្ដ្រាចារ្យក៏សង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះ នឹងជាវេទិកាដ៏មានប្រយោជន៍ សម្រាប់ការពិភាក្សាវិជ្ជាជីវៈ ការចែករំលែកបទពិសោធន៍ និងការបង្កើនសហការរវាងអ្នកជំនាញ ដើម្បីបម្រើប្រជាពលរដ្ឋដោយវិជ្ជាជីវៈខ្ពស់ ស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវ។
នាឱកាសនោះទន្តបណ្ឌិតឯកទេស ហេង ពិសិដ្ឋ ប្រធានសមាគមពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា បានលើកឡើងថា ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកសាស្រ្តាចារ្យ ឡឹម តារា តំណាងលោកសាស្ត្រាចារ្យរដ្ឋមន្រី្តក្រសួងសុខាភិបាល ដែលបានលើកទឹកចិត្ត និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពមាត់ធ្មេញនៅក្នុងប្រទេសកម្ពុជា ដែលសរបញ្ជាក់ជាសក្ខីភាពពិត ចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍវិស័យទន្តសាស្រ្ត ឱ្យរីកចម្រើនបន្តទៅមុខជាលំដាប់។
ទន្តបណ្ឌិតឯកទេស ហេង ពិសិដ្ឋ បានថ្លែងទៀតថា សន្និសីទនាពេលនេះ គឺមានវាគ្មិនជាតិ និងអន្តរជាតិល្បីល្បាញចំនួន ១១រូប ដែលបានអញ្ជើញមកពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលមកធ្វើបទបង្ហាញ ដើម្បីពង្រឹង និងបង្កើនចំណេះដឹង សមត្ថភាព វិជ្ជាជីវៈបន្តតាមរយៈការធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង ជំនាញអនុវត្តគ្លីនិក បទពិសោធ និងបច្ចេកទេសទំនើបថ្មីៗ តាមបែបវិទ្យាសាស្ត្រ ឌីជីថលទាន់សម័យរវាងទន្តពេទ្យជាតិ និងអន្តរជាតិ ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈ ដល់ទន្តពេទ្យរបស់យើង ដែលកំពុងប្រកបវិជ្ជាជីវៈផ្នែកទន្តសាស្រ្តទាំងអស់ ក្នុងន័យអភិវឌ្ឍន៍វិជ្ជាជីវៈក្នុងវិស័យវះកាត់ស្តារនីតិសម្បទាមុខមាត់ និងឆ្អឹងថ្គាម។ ទាំងនេះគឺអាចឆ្លើយតបបាន ទៅនឹងបញ្ហាប្រឈមនានា កំពុងបានជួបប្រទះក្នុងការផ្តល់សេវាព្យាបាល ថែទាំសុខភាពមាត់ធ្មេញ ជូនប្រជាពលរដ្ឋ៕

























