អ្នកជំនាញអារ្យធម៌ខ្មែរ លើកឡើងសារៈប្រយោជន៍ ៣ចំណុច ចំពោះពិធីចាប់ត្រី ដែលបន្សល់ទុកដោយដូនតាខ្មែរ (Video inside)
23-01-2026 21:20
(ភ្នំពេញ)៖ លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានលើកឡើងពីសារៈប្រយោជន៍ ចំនួន ៣ចំណុច ចំពោះពិធីចាប់ត្រី ដែលបន្សល់ទុកដោយដូនតាខ្មែរ។
បើតាម លោក រ័ត្ន សណ្តាប់ពិធីនេះ ជួយពង្រឹងសាមគ្គីភាពក្នុងសហគមន៍ ការរក្សាមរតកដូនតា និងការដឹងគុណម្ចាស់ទឹកម្ចាស់ដី ដែលផ្តល់ធនធានធម្មជាតិនិងទីតាំង ដើម្បីបម្រើដល់ជីវិតមនុស្សប្រចាំថ្ងៃ។
គួរជម្រាបថា លោក ពេជ្រ ឃិន មេភូមិបង្កោង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពិធីចាប់ត្រី ដែលជាទំនៀមដូនតាខ្មែរតាំងពីដើមមក ដើម្បីអបអរពិធីបុណ្យឡើងមាឃ នឹងរៀបចំធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានបន្ថែមថា ភូមិបង្កោង ដែលជាភូមិស្ថិតក្នុងតំបន់អង្គរមួយនេះ នឹងធ្វើពិធីចាប់ត្រីនៅថ្ងៃទី៨ ធ្វើពិធីបុណ្យឡើងមាឃ នៅថ្ងៃទី៩ និងធ្វើពិធីឆ្លងនៅថ្ងៃទី១០ ដោយមានពូនភ្នំខ្សាច់ផងដែរ។
ពិធីចាប់ត្រីរបស់អ្នកភូមិបង្កោង ជាកិច្ចពិធីមួយស្របពេលនឹងពិធីឡើងមាឃ ពោលគឺគេមិនមែនចេះតែធ្វើទេ ប៉ុន្តែជាការរក្សាទំនៀមទម្លាប់ដូនតាខ្មែរ ដែលជាវប្បធម៌បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជាមរតកមនុស្សរស់ នៅក្នុងដួងចិត្តខ្មែរយើង មិនអាចលុបបំបាត់បាន។
ចំពោះកិច្ចពិធីឡើងមាឃ មានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថា វដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខសប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
បច្ចុប្បន្ន នៅជុំវិញតំបន់អង្គរ គឺភូមិជាច្រើននៅតែប្រារព្ធពិធីឡើងមាឃនេះ ដូចជា៖ ភូមិរលួស និងភូមិដូននំ (ឃុំបាគង) ភូមិបង្កោង, ភូមិគីរីមានន្ទ និងភូមិត្នោត(ឃុំអំពិល)ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវាន់ (សង្កាត់នគរធំ) ភូមិសាលាក្រវាន់ (ឃុំរំចេក) ភូមិក្រសាំងរលើង(សង្កាត់សៀមរាប) ភូមិភ្នំក្រោម (សង្កាត់ចុងឃ្នៀស) ក្រុងសៀមរាប ភូមិប្រដាកនិងភូមិថ្នល់ត្រង់ (ឃុំព្រះដាក់) ភូមិស្រែចង្កូត (ឃុំរុនតាឯក) ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ (ឃុំលាងដៃ) ស្រុកអង្គរធំជាដើម៕






