ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារខែមករា និងលើកទិសដៅបន្ដរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន
23-01-2026 21:32
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំដល់អង្គប្រជុំ ចំនួន៥ចំណុច រួមមាន៖
*ទី១៖ ត្រូវយកចិត្តទុកដាក់អនុវត្តរាល់សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ
*ទី២៖ ពង្រឹងរបៀបរបបការងារប្រចាំថ្ងៃ និងវិន័យកងកម្លាំង
*ទី៣៖ ពង្រឹងវត្តមានមន្ត្រី លើសកម្មភាពការងារ និងការរស់នៅប្រចាំថ្ងៃ
*ទី៤៖ ពង្រឹងលើការគ្រប់គ្រងអាវុធ
*ទី៥៖ ពង្រឹងរបៀបរបបកិច្ចប្រជុំប្រចាំខែ តាមការិយាល័យជំនាញ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំបន្តបើកវគ្គបំប៉នជំនាញដល់ភ្នាក់ងារសន្តិសុខឯកជនឲ្យបានទៀងទាត់, ពង្រឹងវេនប្រចាំបញ្ជារបស់នាយកដ្ឋាន, ត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ និងក្ដាប់សភាពការណ៍សន្តិសុខជាតិ-អន្តរជាតិ៕











