លោក ទ្រី ដាលុច អញ្ជើញប្រកាសសមាសភាពក្រុមការងារ​គណបក្សចុះមូលដ្ឋានក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក

24-01-2026 12:10

(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ លោក ទ្រី ដាលុច អនុប្រធានក្រុម​ការងារគណបក្សចុះមូលដ្ឋាន និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទ​បល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះ​មូលដ្ឋាន​ក្នុង​ឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក។ ក្នុងពិធីនេះ មានសមាសភាពចូលរួមប្រមាណ ១,៥០០នាក់។

ក្នុងពិធីនោះ លោក ទ្រី ដាលុច បានលើកឡើងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។ លោក ទ្រី ដាលុច ជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ រូប ក្នុងឃុំសាមគ្គី ត្រូវខិតខំ​ឱ្យអស់ពីសមត្ថភាពក្នុងការធ្វើសកម្មភាពក្នុងភូមិខ្លួនឲ្យបានជាប់ជាប្រចាំ ដើម្បីបានដឹង​ពី​សុខទុក្ខ និងតម្រូវការរបស់ប្រជាជនក្នុងមូលដ្ឋាន។ បន្ថែមលើនេះ លោក ទ្រី ដាលុច សំណូមពរដល់អាជ្ញាធរផ្ដល់សេវាសាធារណៈឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់ ទាន់ពេលវេលា និងមិនរើសអើងនិន្នាការគណបក្ស។

ក្នុងឱកាសនោះ លោក ទ្រី ដាលុច ក៏បាននាំយកអំណោយជាថវិកាមួយចំនួនរបស់លោក​អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មកប្រគល់ជូនគណ​បក្សស្រុក សាលាឃុំ ប៉ុស្ដិ៍រដ្ឋបាល សមាជិក-សមាជិកា សាលាបឋម និងអនុវិទ្យាល័យ (៤សាលា) ព្រមទាំងសិក្សានុសិស្សក្រីក្រចំនួន ២០នាក់ ក្នុងម្នាក់ទទួលបានកង់១ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ថវិកា ២០.០០០ រៀល ដែលចំណាយសរុបអស់ថវិកាប្រមាណ ១៤០ លានរៀល៕