សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥

24-01-2026 12:27

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះបានអញ្ជើញប្រគល់គ្រឿងឧបភោគបរិភោគ ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានរាយការណ៍អំពីស្ថានការ និងរបាយការណ៍សង្ខេបជូនសម្ដេចព្រមទាំងបានថ្លែងអំណរគុណសម្ដេច និងលោកជំទាវតែងតែគិតគូរពីសុខទុក្ខរបស់វីរកងទ័ពជួរមុខប្រចាំខេត្តបាត់ដំបង និងបានផ្តល់អំណោយជាបន្តបន្ទាប់ និងអញ្ជើញចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋជនភៀសសឹកកាលពីពេលកន្លងមក។

នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានពាំនាំនូវការផ្ដាំសាកសុខសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់វីរកងទ័ពជួរមុខនៃភូមិភាគទី៤ និងភូមិភាគទី៥ នៃខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរការខិតខំប្រឹងប្រែងរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ដែលបានលះបង់កម្លាំងកាយចិត្តខិតខំ សហការជាមួយវីរកងទ័ពជួរមុខ ដើម្បីចូលរួមការពារមរណភាពទឹកដី និងបានរកទីទួលមានសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្ដាព្រំដែនរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ និងបានផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ជូនប្រជាពលរដ្ឋជនភៀសសឹក។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងមេបញ្ជាការគ្រប់ភូមិភាគ នៃខេត្តបាត់ដំបង ក៏ដូចជាគ្រប់ភូមិភាគទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប់ព្រំដែនថៃដែលបានលះបង់កម្លាំងការចិត្តអាយុជីវិតការពារពោរណភាពទឹកដី។

ក្នុងនាមតំណាងរាស្ត្រ នៃមណ្ឌលខេត្តបាត់ដំបង សម្ដេចបានថ្លែងការអរគុណចំពោះសប្បុរសជននានា ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំ
បងនិង ផ្តល់តាមរយៈសម្ដេចផ្ទាល់ តាមរយៈរដ្ឋបាលខេត្ត និងសប្បុរសជនផ្សេងទៀត អញ្ជើញមកប្រគល់អំណោយជូនរដ្ឋបាលខេត្តដោយផ្ទាល់ និងបានផ្ដល់ជូនតាមបណ្ដាភូមិភាគនៅខេត្តបាត់ដំបងដោយផ្ទាល់ និងតាមក្រុមការងារក្រឡាហោមមនុស្សធម៌ផងដែរ៕