អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាជ្ញាធរកម្ពុជា មិននៅស្ងៀមឡើយចំពោះមុខសកម្មភាពយោធាថៃ បំផ្លិចបំផ្លាញប្រាសាទបូរាណ និងទីតាំងជាទីគោរពសក្ការៈតាមជំនឿសាសនា នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា
24-01-2026 14:19
(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញមកបញ្ជាក់ថា អាជ្ញាធរកម្ពុជា មិននៅស្ងៀមឡើយចំពោះមុខសកម្មភាពយោធាថៃ បំផ្លិចបំផ្លាញរបស់យោធាថៃ នៅលើប្រាសាទបូរាណ និងទីតាំងជាទីគោរពសក្ការៈតាមជំនឿសាសនា ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។
ការចេញមកបញ្ជាក់បែបនេះ របស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំការផ្សាយផ្ទាល់ពិសេស «បច្ចុប្បន្នភាពស្តីពីការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
លោក ប៉ែន បូណា បានឱ្យដឹងថា ជាក់ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមា នៅលើទីតាំងរូបសំណាក បដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លិចបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង និងផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលកន្លងមកសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងសូមឱ្យយោធាថៃ ចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌ និងស្មារតីនៃកិច្ចព្រមព្រៀង។
ក្រសួងធម្មការ និងសាសនា ក៏ស្នើឱ្យភាគីថៃ គោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានខ្ជាប់ខ្ជួន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធនានាជិតប្រាសាទ។ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ប្រាសាទតាក្របី ដែលថ្មីៗនេះ ទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានា ដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេស បានសកម្មភាពទាំងនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បង្កឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមានដូចជា៖ ការតម្កល់រូបសំណាកព្រះពុទ្ធបដិមា នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការដាក់រាយកុងតឺន័រ ដើម្បីរាំងផ្លូវ នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។ ការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅតំបន់បឹងត្រកួន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕




