គណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បើកវគ្គអប់រំនយោបាយជំនាន់ទី២៨ ជូនមន្ត្រីក្នុងរចនាសម្ព័ន្ធគណបក្ស និងគណៈកម្មាធិការភូមិ សង្កាត់ ក្នុងក្រុងស្ទឹងត្រែង
24-01-2026 14:40
(ស្ទឹងត្រែង)៖ គណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គអប់រំនយោបាយ ជំនាន់ទី២៨ របស់គណបក្ស ជូនដល់មន្ត្រីគណបក្ស ក្នុងរចនាសម្ព័ន្ធគណបក្ស ខ១៨, ខ២៧,ខ២៦.១, ខ២៦.២ និងគណៈកម្មាធិការភូមិ សង្កាត់ក្នុងក្រុងស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករ និងប្រកបដោយបរិយាកាសសាមគ្គីភាព។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ គណបក្សខេត្តស្ទឹងត្រែង។ វគ្គអប់រំនយោបាយនេះមានរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន១៥០រូប និងប្រារព្ធឡើងនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។
លោក ឈាង ឡាក់ បានបញ្ជាក់ថា ការអប់រំនយោបាយជូនដល់មន្ត្រីគណបក្ស គឺជាការងារដ៏មានសារៈសំខាន់ និងចាំបាច់បំផុតមួយ ដែលគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច ទាំងក្នុងដំណាក់កាល តស៊ូរំដោះជាតិ និងក្នុងដំណាក់កាលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ក្នុងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្សនាពេលបច្ចុប្បន្ន។
លោកបានបន្តថា វគ្គអប់រំនយោបាយជំនាន់ទី២៨នេះទោះមានរយៈពេលត្រឹមតែ២ថ្ងៃក្តី ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់សិក្ខាកាមគ្រប់រូប ក្នុងការពង្រឹងចំណេះដឹងនយោបាយ បន្ថែមបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចជាមន្ត្រីគណបក្សឱ្យបានកាន់តែប្រសើរ។
ដើម្បីធានាឱ្យវគ្គអប់រំនយោបាយជំនាន់ទី២៨នេះ ទទួលបានលទ្ធផលល្អ និងសម្រេចតាមគោលបំណងដែលបានដាក់ចេញ, លោកឈាង ឡាក់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់ភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងអនុវត្តវគ្គសិក្សានេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងជំរុញឱ្យគ្រូឧទ្ទេសនាម និងសិក្ខាកាមទាំងអស់ ចូលរួមសិក្សា ប្តូរបទពិសោធន៍ គោរពវិន័យវគ្គ សាមគ្គីភាព និងថែរក្សាសុខភាពផ្ទាល់ខ្លួន ដើម្បីបញ្ចប់វគ្គសិក្សាដោយជោគជ័យ។
លោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងជាប្រធានគណៈឃោសនាអប់រំនៃគណបក្សខេត្តស្ទឹងត្រែង បានមានប្រសាសន៍គូសបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្ស ត្រូវបានអនុវត្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក តាមផែនការចាត់តាំងវគ្គអប់រំនយោបាយរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល លេខ ០១/១៥ សណ.គក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
លោកក៏បានបន្តថា ការរៀបចំវគ្គអប់រំនយោបាយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីគណបក្ស អំពីប្រវត្តិសាស្ត្រ គោលនយោបាយ ស្ថានការណ៍ទូទៅ និងភារកិច្ចសំខាន់ៗរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ន ព្រមទាំងជំរុញឱ្យមន្ត្រីគណបក្សខិតខំកសាងខ្លួនឱ្យក្លាយជាមន្ត្រីល្អប្រពៃ មានគុណធម៌ សីលធម៌ និងសមត្ថភាពពេញលេញក្នុងការបម្រើបុព្វហេតុគណបក្ស និងប្រទេសជាតិ។
លោក អ៊ុក ធាវី ក៏បានលើកឡើងបន្ថែមថា លើមូលដ្ឋាននៃការយល់ដឹងផ្នែកនយោបាយនេះ មន្ត្រីគណបក្សគ្រប់រូប នឹងអាចលើកកម្ពស់គុណភាពការងារ ការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងរួមចំណែកកសាងពង្រឹងគណបក្សឲ្យកាន់តែរឹងមាំទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងការចាត់តាំងអនុវត្តភារកិច្ចនៅតាមមូលដ្ឋាន៕























