ប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំពង្រចំនួន ៤៧៦រូប នៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ
24-01-2026 14:40
(កំពង់ធំ)៖ លោកបណ្ឌិត ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតាំងគោក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពង្រ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រកាសបញ្ចូល សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំពង្រ ចំនួន ៤៧៦រូប ស្រី ២៥៧រូប មកពីភូមិចំនួន ០៧ នៃឃុំពង្រ រួមមាន៖ ភូមិតាព្រៃ ភូមិអូរាំង ភូមិពង្រ ភូមិថ្នល់កែង ភូមិត្រដក់ពង ភូមិអមទង និងភូមិស្រះសំបួរ។
ពិធីក៏មានការចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមទាំងមានលោក លោកស្រី ជាអនុប្រធាន និងសមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំនៃស្រុកតាំងគោក លោក លោកស្រី ជាប្រធាន អនុប្រធាន និងជាសមាជិកគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ និងគណៈកម្មាធិការសាខាបក្សភូមិ នៃគណៈកម្មាធិការគណបក្សស្រុកតាំងគោកជាច្រើនរូបទៀតផងដែរ។
ថ្លែងនាឱកាសនោះលោកបណ្ឌិត ជា បូរ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជា, លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ជូនចំពោះក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាក្នុងស្រុកតាំងគោក ពិសេសនៅឃុំពង្រ ។
ថ្លែងក្នុងនាមលោកបណ្ឌិត ថោង ខុន, លោកបណ្ឌិត ជា បូរ៉ា បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់សមាជិកថ្មីទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានជួយប្រជាជនកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។
លោកបណ្ឌិត បញ្ជាក់ដែរថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានឃើញច្បាស់នូវសច្ចៈភាព និងគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលនេះបានបង្កើនថែមកម្លាំងថ្មី ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្ស ក្នុងការកសាង និងការពារប្រទេសជាតិយើងឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
នាឱកាសនោះដែរលោកបណ្ឌិត ជា បូរ៉ា ក៏បានរំលឹកឡើងវិញអំពីប្រវត្តិតស៊ូ និងស្នាដៃធំៗជាប្រវត្តិសាស្រ្តរបស់គណបក្ស និងបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធតតាំង ផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ គណបក្សប្រជាជនកម្ពុជាបានធ្វើការសង្គ្រោះជាតិកម្ពុជាឱ្យរស់រាន មានជីវិតឡើងវិញ ដណ្តើមជូនប្រជាជន នូវសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្លូរ ដែលត្រូវបានបាត់បង់ក្នុងរបបយង់ឃ្នងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយបានធ្វើឱ្យអង្គការចាត់តាំង នៃរបបប៉ុលពត។
ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានការពារយ៉ាងរឹងមាំ ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម ដែលបានធានាដល់ការរស់នៅរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូង ទឹក ភ្លើងអគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាមនានា ត្រូវបានកសាង និងពង្រីក ទាំងនៅទីក្រុងនិងជនបទផងដែរ។
ជាមួយគ្នានោះដែរលោកបណ្ឌិត ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សគ្រប់រូប សូមបន្តសកម្មភាពចុះពង្រឹងមូលដ្ឋាន និងពង្រីកការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ ពីគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល និងជម្រុញក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិ ឃុំរបស់ខ្លួន ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាពេលខាងមុខ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខផងដែរ៕













