អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយរបស់ក្រុមហ៊ុន «សោជីន សំបុកត្រចៀកកាំ», ក្រុមហ៊ុន «TIC» និងសមាគមសម្ព័ន្ធពាណិជ្ជកម្មសំបុកត្រចៀកកាំកម្ពុជាអន្តរជាតិ មកចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ក្នុងក្រុងពោធិ៍សាត់ ៤០០គ្រួសារ

24-01-2026 15:21

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ នៅបរិវេណអារាមវត្តបន្ទាយដី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ របស់ក្រុមហ៊ុនសោជីន សំបុកត្រចៀកកាំ, ក្រុមហ៊ុនTIC និងសមាគមសម្ព័ន្ធពាណិជ្ជកម្ម សំបុកត្រចៀកកាំកម្ពុជាអន្តរជាតិ មកចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ ក្នុងក្រុងពោធិ៍សាត់ ចំនួន៤០០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីតមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀល។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខ នឹករលឹក និងការគិតគូរខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះគ្រួសារវីរកងទ័ពទាំងអស់ ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែឧបត្ថម្ភទំនុកបម្រុងជានិច្ច ពោលគឺដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភ ចំពោះក្រុមគ្រួសារ ឬសាច់ញាតិ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដី នៅជួរមុខ។

លោកបានថ្លែងអំណរគុណ ចំពោះលោកស្រី ភឹម សំភ័ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអគ្គនាយិកាក្រុមហ៊ុនសោជីន ត្រចៀកកាំ និងលោក ឡេង ប៊ុនដែន អគ្គលេខាធិការរង នៃអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិដែលមានទឹកចិត្តសប្បុរសធម៌ ផ្តល់អំណោយយ៉ាងសន្ធឹកសន្ធាប់ ជូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន៤០០គ្រួសារ ក្នុងក្រុងពោធិ៍សាត់ នាពេលនេះ ក៏ដូចជាពេលកន្លងមក ជាការចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេសក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិត នៅក្នុងសង្រ្គាមថៃឈ្លានពានទឹកដី។ លោកបានគូសបញ្ជាក់ថា ទឹកចិត្តរបស់វីរកងទ័ពជួរមុខ គឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃ ជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

តាមរយៈនេះដែរ លោកអភិបាលខេត្ត សូមឱ្យក្រុមគ្រួសារកងទ័ពជួរមុខទាំងអស់ សូមថែរក្សាសុខុមាលភាព អនាម័យបរិស្ថាន នៅតាមលំនៅឋានភូមិ ឃុំ សង្កាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត គឺគ្មានសំរាមនៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន សាលារៀន វត្តអារាម គ្រឹះស្ថានសិក្សា ដែលទាមទាឱ្យយើងទាំងអស់គ្នាចូលរួម និងត្រូវចេះសាមគ្គីគ្នា ក្នុងស្មារតីជាតិតែមួយ ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសំដែងនូវការតបស្នងសងគុណ ចំពោះគុណបំណាច់របស់វីរកងទ័ព និងកងកម្លាំងគ្រប់ប្រភេទ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ សូមចងចាំជាប់ជានិច្ចមិនអាចបំភ្លេចបានឡើយ ហើយក៏សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ លោកស្រី ភឹម សំភ័ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអគ្គនាយិកាក្រុមហ៊ុនសោជីន ត្រចៀកកាំ និងលោក ឡេង ប៊ុនដែន អគ្គលេខាធិការរង នៃអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ក៏បានប្រគល់សែក ជាទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ ជូនលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សម្រាប់ទុកចាត់ចែងជួសជុលអគារមណ្ឌលសុខភាពថ្មដា ដែលទទួលរងការខូចខាត ដោយសង្គ្រាមថៃឈ្លានពាន ព្រមទាំងប្រគល់នំ៩០០ ចំនួន៣០០ធុង និងថវិកាចំនួន១០លានរៀលបន្ថែមទៀត សម្រាប់ទុកចាត់ចែង កិច្ចការងារអន្តរាគមន៍ដល់កម្លាំងជួរមុខផងដែរ៕