ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសមិទ្ធផលស្រះទឹក និងប្រឡាយទឹកជូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តបាត់ដំបង

24-01-2026 15:35

(បាត់ដំបង)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក. បានអញ្ជើញចុះពិនិត្យសមិទ្ធផលស្រះទឹក និងប្រឡាយទឹក ដែលបានស្ថាបនារួចរាល់កាលពីថ្មីៗនេះជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រសួងស្ថាប័ន និងក្រុមការងារពាក់ព័ន្ធដែលបានខិតខំស្ថាបនាស្រះទឹក និងប្រឡាយទឹក ដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់អតីតយុទ្ធជន និងនិវត្តជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ស្រះទឹក និងស្ថាបនាប្រឡាយទឹក គឺជាប្រភពដ៏សំខាន់ជួយទៅដល់ការធ្វើវិស័យកសិកម្ម ឬដំណាំដាំដុះជាលក្ខណៈគ្រួសារ ដែលជាការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមពីលើប្រាក់សោធននិវត្តន៍ និងគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

ទេសរដ្ឋមន្រ្តី បន្តថា ស្រះទឹក និងប្រឡាយទឹកក្នុងភូមិអតីតយុទ្ធជនខាងលើនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសំដៅប្រែក្លាយជាភូមិដ្ឋានមួយប្រកបទៅដោយការអភិវឌ្ឍន៍។

ទេសរដ្ឋមន្រ្តី បន្ថែមថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែងណែនាំឱ្យចុះពិនិត្យពីស្ថានភាពនៃការអភិវឌ្ឍន៍នានាដែលបម្រើជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ដូចជាផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់កសាងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមជម្រាបថា សមិទ្ធផលស្រះទឹក និងប្រឡាយទឹក គឺជាចក្ខុវិស័យមួយក្នុងចំណោមផែនការសកម្មភាពដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម តែងតែផ្តល់អនុសាសន៍ឱ្យកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ ដែលជួយគាំទ្រទៅដល់ការលើកកម្ពស់ជីវភាពជូនអតីតយុទ្ធជន និងនិវត្តជន ដែលសុទ្ធសឹងជាយុទ្ធជន និងជាអ្នកដែលបានរួមចំណែកជួយជាតិ និងកសាងជាតិឱ្យមានការអភិវឌ្ឍរុងរឿងមកទល់ពេលបច្ចុប្បន្ន៕