អំណោយរប​ស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ត្រូវនាំទៅប្រគល់ជូនយុទ្ធជនការពារព្រំដែននៅខេត្តព្រះវិហារ

24-01-2026 15:57

(ព្រះវិហារ)៖ ក្នុងស្មារតីផ្សារភ្ជាប់មនោសញ្ចេតនាយ៉ាងស្អិតរមួត រវាងមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ លោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអមដំណើរពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ផ្ដល់ជូនយុទ្ធជនដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិជួរមុខក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ពិធីប្រគល់ និងទទួលអំណោយនេះ ធ្វើឡើងដោយទទួលបានការស្វាគមន៍យ៉ាកក់ក្ដៅ និងស្និទ្ធស្នាលបំផុតពីសំណាក់លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ ព្រមទាំងនាយទាហាន នាយទាហានរង ជាច្រើនរូបទៀត។

នាឱកាសនេះលោក ខូយ ឃុនហ៊ បានពាំនាំនូវការសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ជូនចំពោះបងប្អូនយុទ្ធជនទាំងអស់។

លោកបានគូសបញ្ជាក់ថា ទោះបីការងារនៅសមរភូមិក្រោយមានភាពមមាញឹក ប៉ុន្តែបេះដូង និងស្មារតីរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីរាជការ គឺតែងតែស្ថិតនៅជាប់ជាមួយបងប្អូនយុទ្ធជនជួរមុខជានិច្ច។ គ្រឿងឧបភោគបរិភោគដែលបាននាំយកមកនាពេលនេះគឺជាសក្ខីភាពនៃសាមគ្គីភាព និងការដឹងគុណចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់កងទ័ព ដើម្បីសុខសន្តិភាពនៃមាតុភូមិ។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់កងទ័ព។ លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានសង្កត់ធ្ងន់ថា សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពជាតិ រវាងប្រជាជន កងទ័ព និងមន្ដ្រីរាជការ ដែលរួមស្មារតីគ្នាតែមួយក្នុងការការពារជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង ក៏បានប្រសិទ្ធពរជ័យជូនលោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងគណៈប្រតិភូទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕