រដ្ឋលេខាធិការ ផូ ផារិទ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ នៅស្រុកកោះកុង ខេត្តកោះកុង
24-01-2026 15:58
(កោះកុង)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន ២គម្រោង ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង។
ថ្លែងនាឱកាសនោះលោក ផូ ផារិទ្ធ បានបញ្ជាក់ឱ្យដឹងថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងគោលដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យគ្រប់ដណ្តប់នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន និងជំរុញដល់ដំណើរការអន្តរកម្មសង្គម-សេដ្ឋកិច្ច ការផ្សាភ្ជាប់សកម្មភាព ធុរកិច្ចផ្សេងៗ រវាងជនបទនិងទីប្រជុំជនជាដើម។
លោករដ្ឋលេខាធិការ បន្ថែមថា ជុំវិញការវិនិយោគសារធារណៈលេីវិស័យផ្លូវនៅតាមជនបទ ជាការជំរុញកំណេីនសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់គ្រួសាររបស់ពលរដ្ឋនៅមូលដ្ឋាន ជាក់ស្តែងការស្ថាបនា និងការស្តារផ្លូវនៅជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែកនៃយុទ្ធសាស្រ្តដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ទាំងតំបន់នៅតាមក្រវ៉ាត់ការពារ ព្រំដែន ក៏ដូចជាតំបន់មួយចំនួននៅទូទាំងប្រទេសជាដើម ជាក់ស្តែងក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តឆ្លើយបតបទៅតាម តម្រូវរបស់រាជរដ្ឋាភិបាល។
លោករដ្ឋលេខាធិការ ផូ ផារិទ្ធ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់អនុវត្គម្រោងខាងលើនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ។
លោកបានបន្ថែមថា មានផ្លូវល្អជាការបង្ករភាពងាយស្រួលដល់ពលរដ្ឋ តាមរយៈការកាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល ក៏ដូចជាការរកស៊ីទទួលទានផ្សេងៗផងដែរ ពោលគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមមូលដ្ឋាន នៅក្នុងអាណត្តិនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគ ដោយចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងប្រែក្លាយតំបន់ជនបទឱ្យជាតំបន់មានការអភិវឌ្ឍរីកចម្រើន៕














