អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគម្រោងបង្កើតមណ្ឌលថែទាំចាស់ជរា នៅស្រុកកំពង់ត្រឡាច
24-01-2026 16:31
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងលោក លោកស្រី ក្រុមការងាររដ្ឋបាលឃុំអូរឫស្សី និងភូមិជុំវិញឃុំ ដឹកនាំកិច្ចប្រជុំលើគម្រោងរៀបចំមជ្ឈមណ្ឌលថែទាំចាស់ជរា និងដេីម្បីសាកសួរមតិយោបល់ ព្រមទាំងការឯកភាពពីអជ្ញាធរមូលដ្ឋាន និងឃុំ ភូមិ ក្នុងការរៀបចំនេះដែលទីតាំងស្ថិតក្នុងភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។
គម្រោងរៀបចំមណ្ឌលចាស់ជរានេះ ក្រោមការផ្តួចផ្តើមរបស់លោកបណ្ឌិត ហ៊ឺ វីរៈ និងលោកស្រី យី សុភា ព្រមទាំងក្រុមការងារ ដេីម្បីជួយសម្រាលបន្ទុកដល់ចាស់ជរា ដែលបានបែកចេញពីក្រុមគ្រួសារ ដោយត្រូវកូន ចៅបោះបង់ចោល ឬចំណាកស្រុក មនុស្សចាស់ ដែលរស់នៅក្នុងស្ថានភាព លំបាកបំផុតដោយពុំមានលទ្ធភាពទិញចំណីអាហារបរិភោគ ពុំមានសម្លៀកបំពាក់គ្រប់គ្រាន់ និងខ្វះការថែទាំសុខភាព ពីកូនចៅ សាច់ញាតិ ដែលមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ចិញ្ចមបីបាច់ថែរក្សា និងមនុស្សចាស់ដែលមានជំងឺរ៉ាំរ៉ៃ ឬមានពិការភាពជាដេីម៕





















