អំណោយភ្លើងទេវតា ២៤០ឈុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវក្រុមការងារក្រសួងបរិស្ថាន បំពាក់ជូនពលរដ្ឋតាមផ្ទះ នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

24-01-2026 18:30

(កំពង់ស្ពឺ)៖ ក្រុមការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រួមជាមួយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ក្នុងវិស័យបរិស្ថាន ក្រុមការងារសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាមូលដ្ឋាននៃរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះតម្លើងហ៊ូមសូឡា (ភ្លើងទេវតា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត តាមរយៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិកោដូន្តី ភូមិតានិល និងភូមិពុទ្រា ឃុំត្រពាំងជោរ ស្រុកឧរ៉ាល់ ខេត្តកំពង់ស្ពឺ សរុបបានចំនួន២៤០ឈុត តាមខ្នងផ្ទះប្រជាពលរដ្ឋ លើផែនការសរុបដែលត្រូវតម្លើងជូនប្រជាពលរដ្ឋ ចំនួន៣០៣ឈុត។

ប្រជាពលរដ្ឋ ដែលទទួលបានអំណោយភ្លើងទេវតានាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរដល់សុខទុក្ខ និងជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានល្អប្រសើរជាលំដាប់។

លោកបណ្ឌិត អ៊ាង សុផល្លែត កាលពីពេលថ្មីៗកន្លងមកនេះ បានថ្លែងថា ក្រសួងបរិស្ថាន ត្រូវរៀបចំជំរុញសកម្មភាពអភិវឌ្ឍន៍តំបន់ទេទឹកពុះ ជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញបំផុតមួយ និងប្រែក្លាយជាសហគមន៍អព្យាក្រឹតកាបូនផងដែរ។ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសក្នុង ក្នុងឱកាសសម្តេចប្រមុខរាជរដ្ឋាភិបាល មកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់សហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តនេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងបរិស្ថានបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ គោលដៅលំហែបៃតងនៅតំបន់ទេទឹកពុះ គឺជាការឆ្លើយតបនឹងការចូលរួមចំណែកសំខាន់ ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីបង្កើតអនាគតថ្មីសម្រាប់ ប្រជាពលរដ្ឋនៅតំបន់នេះ។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក្រុមការងារក្រសួងបរិស្ថាន ក៏សម្រេចបានការបោះបង្គោលព្រំសម្រាប់គម្រោងអភិវឌ្ឍន៍គោលដៅលម្ហៃបៃតង សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ នៅតំបន់ទេទឹកពុះរួចហើយដែរ។ បន្ទាប់មកក្រសួងបរិស្ថាន រៀបចំហេដ្ឋរចនាសម្ព័ន្ធ ក្លោងទ្វារទីតាំងសម្រាប់កម្សាន្ត កន្លែងផ្តល់ព័ត៌មាន កន្លែងផ្សារសហគមន៍ ទីតាំងវប្បធម៌ ការគោរពបូជាតាមជំនឿសាសនា របស់ប្រជាពលរដ្ឋ និងការបង្កើនគម្របបៃតង ដាំដើមឈើ រៀបចំសួនច្បារ និងកន្លែងសម្រាកលម្ហែផងដែរ។

ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្ដៅពីធម្មជាតិ មានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ និងអាចមានកន្លែងទៅរហូតដល់១០០អង្សាសេ។ តំបន់ទេទឹកពុះនេះ មានស្ថាិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងនោះមានជនជាតិដើមភាគតិចសួយ កំពុងរស់នៅច្រើន និងត្រូវបានចាត់ទុកថាកន្លែង ដែលទាក់ទាញទេសចរមកកម្សាន្ត និងអ្នកមានជំនឿមកគោរពបូជាឥតដាច់ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះស្ថានភាពសហគមន៍ នៅមានព្រៃឈើ ដែលជាតំបន់ភ្នំអារក្ស និងទីតាំងជំនឿរបស់បងប្អូនជនជាតិសួយផងដែរ៕