អង្ករចំនួន២០តោន ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងសប្បុរសជន ត្រូវបាននាំយកប្រគល់ជូនរដ្ឋបាលក្រុងស្ទឹងសែន

24-01-2026 18:43

(កំពង់ធំ)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ កន្លងទៅ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន បាននាំយកនូវអង្ករចំនួន២០តោនដែលជាអំណោយរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងសប្បុរសជន រួមមាន លោក ខាន់ វណ្ណៈ និងលោកស្រី, លោក អ៊ុក ពញា និងលោកស្រី, លោក ឈឿន វិចិត្រតារា និងភរិយា ព្រមទាំងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន។

លោក អេង ទូច បានមានប្រសាសន៍ថា អង្ករនេះប្រគល់ជូនរដ្ឋបាលក្រុងស្ទឹងសែន គឺសម្រាប់តម្កល់ ទុក ដើម្បីចាត់ចែង និងផ្ដល់ជូនបងប្អូនជនភៀសសឹក ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងស្ទឹងសែន ដែលមានការខ្វះខាតជីវភាព ទៅតាមតម្រូវការជាក់ស្ដែង។

ការតម្កល់ទុកអង្ករនេះ គឺដើម្បីដោះស្រាយបញ្ហាតម្រូវការស្បៀងជូនប្រជាពលរដ្ឋ បន្ថែមលើកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល សំដៅធានាមិនឱ្យប្រជាពលរដ្ឋណាម្នាក់គ្មានអង្ករច្រកឆ្នាំង។

លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងសប្បុរសជន ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។