នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង៖ រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរកឃេីញ ជំងឺនីប៉ាហ៍ កេីតលេីមនុស្សនៅឡេីយទេ

24-01-2026 21:37

(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ បានផ្សព្វផ្សាយអំពីជំងឺ នីប៉ាហ៍ ដែលជាឆ្លងដ៏គ្រោះថ្នាក់មួយ។

តែយ៉ាងណា នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរកឃេីញ ជំងឺ នីប៉ាហ៍ កេីតលេីមនុស្សនៅឡេីយទេ ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានរៀបរាប់អំពីស្ថានភាពរបស់ជំងឺ នីប៉ាហ៍ដូចខាងក្រោម៖

ជំងឺ នីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុស ដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។

វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹក សរីរាង្គមនុស្ស ។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ ចន្លោះពី ៤០%–៧០% ។

ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ ១៩៩៩ ដែលបណ្ដាលឲ្យឈឺ ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។

មនុស្សអាចឆ្លងមេរោគ នីប៉ាន៍តាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។

អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល ៣ទៅ ១៤ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល ២៤-៤៨ម៉ោង។

សូមបញ្ជក់ថា រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរកឃេីញ ជំងឺនីប៉ាហ៍ កេីតលេីមនុស្សនៅឡេីយទេ តែនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង កំពុងយកចិត្តដាក់ធ្វេីការតាមដាន និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច។ ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥ ឬ ០១២៤៨៨៩៨១ ដោយ មិន គិតថ្លៃ ៕