ប្រកាសស្តីពីការចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ; លោក សំ លាងទ្រី ណែនាំមន្ត្រីគណបក្សខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព

24-01-2026 22:27

(ព្រះវិហារ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឆែបពីរ ត្រូវបានប្រកាសចាត់តាំង និងកែសម្រួល ជាមួយនិងការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការអគារស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជាឃុំឆែបពីរ ធ្វើអំពីបេតុង ក្រោមវត្តមាន លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និង លោក មិន ស៊ីថា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប ដោយមានការចូលរួមពី លោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប និងមន្ត្រីគណបក្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និង លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅទីនេះ ក៏ដូចជានៅទូទាំងស្រុកឆែបផងដែរ។

លោក សំ លាងទ្រី ក៏បានជម្រាបជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំឆែបពីរ ចំពោះការបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំនាពេលនេះ គឺកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ។ អគារស្នាក់ការគណបក្សថ្មីនេះ គឺសាងសង់អំពីថ្ម (បេតុង) ដោយបានបំពាក់សម្ភារៈផ្សេងៗ និងចំណាយថវិកាសរុបចំនួន ១០០លានរៀល។ ជាមួយគ្នានេះ លោក ម៉ៅ សុផាន់ ក៏បានឧបត្ថម្ភថវិកាចំនួន ៤០លានរៀលរួចហើយដែរ។

សូមបញ្ជាក់ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលប្រកាសចាត់តាំងនាពេលនេះ គឺ លោក អ៊ូ សៅឌី ជាប្រធានក្រុមការងារ និង លោក ជៀន ជិន ជាអនុប្រធានប្រចាំការ។

លោក សំ លាងទ្រី បានថ្លែងណែនាំដល់ក្រុមការងារគណបក្សឃុំឆែបពីរថ្មី ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ស្របតាមទិសដៅ និងគោលការណ៍របស់គណបក្ស។ លោកបញ្ជាក់ថា ក្រុមការងារគណបក្សកម្ពុជា មិនដែលសន្យាទេ ប៉ុន្តែលទ្ធផល និងសមិទ្ធិផល បានលេចចេញជារូបរាងជាបន្តបន្ទាប់។

ជាក់ស្តែង ចាប់តាំងពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប ត្រូវបានប្រកាសចាត់តាំងជាផ្លូវការ គឺបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនជូនប្រជាពលរដ្ឋ ដូចជាការជួសជុលផ្លូវចូលភូមិប្រកបដោយគុណភាព បម្រើការធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងគម្រោងជួសជុលផ្លូវជាច្រើនខ្សែទៀតជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាងអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីនៅតាមបណ្តាឃុំអំពីបេតុង ការជួសជុលស្នាក់ការគណបក្សស្រុក ដែលទាំងអស់នេះជាសមិទ្ធិផលថ្មីរបស់ប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជាស្រុកឆែប។

ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំឆែបពីរ លោក អ៊ូ សៅឌី បានថ្លែងបេជ្ញាចិត្ត ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដូចខាងក្រោម៖

១. សូមគាំទ្រដោយឥតងាករេ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

២. សូមគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ។

៣. បេជ្ញាគោរពឱ្យបានដាច់ខាតនូវលក្ខន្តិកៈ គោលនយោបាយ បទបញ្ជា របស់គណបក្សប្រជាជនកម្ពុជា។

៤. គាំទ្រ និងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យទទួលបានជោគជ័យ។

៥. ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យអស់ពីសមត្ថភាព។

៦. ចូលរួមថែរក្សាការពារ និងអភិវឌ្ឍបន្ថែមនូវរាល់សមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុក និងបន្តចូលរួមរាល់សកម្មភាពមនុស្សធម៌ និងសង្គម ដើម្បីលើកស្ទួយសុខដុមនីយកម្ម និងរក្សាបាននូវសុខសន្តិភាព ដែលបានមកដោយសារការលះបង់សាច់ស្រស់ ឈាមស្រស់ នៃបុព្វបុរស និងវីរបុរសរបស់គណបក្សប្រជាជនកម្ពុជា។

៧. បន្តថែរក្សា អប់រំបំពាក់បំប៉ន ដល់យុវជនបន្តវេន ដែលជាក្តីសង្ឃឹមនាពេលអនាគតរបស់គណបក្ស និងប្រទេសជាតិ ឱ្យទទួលបានការអប់រំបណ្តុះបណ្តាល ប្រកបដោយសីលធម៌ល្អ មានវិន័យ ដែលអាចជាកម្លាំងចលករប្រកបដោយសក្តានុពលនាពេលអនាគតជូនគណបក្ស ប្រទេសជាតិ និងប្រជាជន ដើម្បីរួមចំណែកបម្រើសង្គមជាតិ ថែរក្សាកេរ្តិ៍ដំណែល វប្បធម៌ដ៏ល្អផូរផង់របស់គណបក្ស និងផ្សព្វផ្សាយគៀរគរយុវជនឱ្យគាំទ្រ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។

៨. រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្សឱ្យបានរឹងមាំ៕