ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ រដ្ឋបាលខេត្តព្រះសីហនុ ត្រូវធានាសុវត្ថិភាពជូនអ្នកទេសចរ  (Video inside)

25-01-2026 12:44

(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានថ្លែងថារដ្ឋបាលខេត្តព្រះសីហនុ ត្រូវធានាសុវត្ថិភាពជូនអ្នកទេសចរ ដើម្បីបង្កើននូវទេសចរជាតិ និងអន្តរជាតិបន្ថែម។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ក្រុមការងារទាំងអស់ ដែលខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំនៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចគោលដៅជាផ្លែផ្កា។

បន្ថែមពីលើអ្វីដែលសម្រេចបាន, លោករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្តបន្តធ្វើការងារដែលជាផែនការ ក៏ប៉ុន្តែត្រូវមានជំហររួម ឯកភាពផ្ទៃក្នុង និងស្វែងរកឱ្យឃើញនូវបុព្វហេតុរួមរបស់ខេត្តព្រះសីហនុ។ លោក ក៏បានថ្លែងអំណរគុណដល់នគរបាល កងរាជអាវុធហត្ថ ដែលបានធ្វើការបង្ក្រាបបទល្មើសល្បែងអនឡាញយ៉ាងសកម្មផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «ខេត្តព្រះសីហនុ ត្រូវធានាសុវត្ថិភាពជូនដល់អ្នកមកទស្សនានៅទីនេះ ហើយការងារនេះបងប្អូននគរបាល កងរាជអាវុធហត្ថគឺដឹងហើយ។ ខ្ញុំ ក៏បានចូលរួមធានាសុវត្ថិភាពតាមរយៈការដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លីនៅទីនេះ»

បើតាមការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងឆ្នាំ២០២៥ រដ្ឋបាលខេត្តបានទទួលពាក្យបណ្ដឹង និងសំណើផ្សេងៗក្នុងឆ្នាំសរុបចំនួន ៤៦៨ករណី បានដោះស្រាយនិងសម្របសម្រួល ៣៧ករណី បញ្ជូនទៅស្ថាប័នពាក់ព័ន្ធជាសមត្ថកិច្ច ៨៧ករណី ឆ្លើយតបទៅម្ចាស់សំណើ ១២២ករណី ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ១៤ករណី សំណុំឯកសាររក្សាទុកជាឯកសារចំនួន ៩៤ករណី សំណើរផ្សេងៗ៧៤ករណី និងកំពុងស្រាវជ្រាវ សម្របសម្រួលដោះស្រាយបន្តចំនួន ៤០ករណី។

យោងតាមលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អង្គសន្និបាត បានឯកភាពសហការជម្រុញការកៀរគររកចំណូលស្របច្បាប់ និងធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងមកអាស្រ័យដោយមានការចូលរួមដឹកនាំពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ននានា៕