មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមូលនិធិហ្វ្រេដហូឡូកម្ពុជា ចុះពិនិត្យទីតាំងតាមមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរៀបចំបន្ទប់ពិនិត្យនិងពិគ្រោះជំងឺភ្នែកបឋម និងបំពាក់ឧបករណ៍ទំនើប

25-01-2026 17:09

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រអង្គឌួង រួមជាមួយលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្វ្រេដហូឡូកម្ពុជា (The Fred Hollow Foundation) បានចុះត្រួតពិនិត្យទីតាំងនៅតាមមន្ទីរពេទ្យបង្អែក ចំនួន ៥ ដើម្បីរៀបចំបន្ទប់ពិនិត្យនិងពិគ្រោះជំងឺភ្នែកបឋម និងបំពាក់ឧបករណ៍ ពិនិត្យភ្នែក និងសរសៃបាតភ្នែក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។

មន្ទីរពេទ្យបង្អែកទាំង ៥នោះមានដូចជា៖ មន្ទីរពេទ្យខេត្តកែប នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប, មន្ទីរពេទ្យបង្អែកកំពង់ត្រាច នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត, មន្ទីរពេទ្យបង្អែកឈូក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត, មន្ទីរពេទ្យបង្អែកអង្គរការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ, មន្ទីរពេទ្យបង្អែកកោះអណ្តែត នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។

កម្មវិធីនេះគាំទ្រទ្រង់មូលនិធិ ដោយមូលនិធិហ្វ្រេដហូឡូកម្ពុជា (The Fred Hollow Foundation) ហើយជាកម្មវិធីពង្រឹងសេវាសុខភាពភ្នែក តាមរយៈកម្មវិធីបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានផ្នែកជំងឺភ្នែក សម្រាប់វេជ្ជបណ្ឌិតទូទៅរួមមាន៖ សមត្ថភាពក្នុងការផ្តល់សេវាថែទាំភ្នែកបឋម, លើកកម្ពស់ការរកឃើញ ការព្យាបាល និងការគ្រប់គ្រងជំងឺភ្នែកទូទៅ និងជំងឺភ្នែកស្រាលៗ ឱ្យបានទាន់ពេលវេលា ជាពិសេសពិនិត្យបាតភ្នែកសម្រាប់អ្នកជំងឺទឹកនោម និងប្រព័ន្ធបញ្ជូនអ្នកជំងឺ សម្រាប់អ្នកជំងឺដែលត្រូវការការថែទាំភ្នែកកម្រិតខ្ពស់ ឬជំនាញពិសេស។

សូមជម្រាបថាក្នុងឳកាសចុះពិនិត្យទីតាំងខាងលើ មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ក៏បានដឹកនាំក្រុមការងារគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៦នាក់ និងបញ្ជូនទៅវះកាត់ព្យាបាលភ្នែកបន្តនៅមន្ទីរពេទ្យព្រះអង្គឌួង ចំនួន១០៣នាក់ រស់នៅខេត្តកែប ។

លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា ការមកពិនិត្យភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋខេត្តកែប ជាលើកទី២ហើយ គិតទៅរយៈពេល០៣ខែម្តងទៀត។

ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋយើង ឱ្យបានល្អប្រសើរ ព្រោះថាសុខភាពភ្នែកមានសារសំខាន់ណាស់។ ការចុះពិនិត្យភ្នែកនេះ មន្ទីរពេទ្យសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកែប មូលនិធិ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ ក្នុងនោះមូលនិធិ វ័ន សាញ ចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថាមានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ៕