ពលរដ្ឋភៀសសឹក២០គ្រួសារដែលមកស្នាក់នៅជាបណ្ដោះអាសន្នក្នុងស្រុកកំពង់លែង ទទួលបានអំណោយពីដ្ឋបាលស្រុក និងអង្គការប្រជាជនជប៉ុន
25-01-2026 20:10
(កំពង់ឆ្នាំង)៖ ពលរដ្ឋជាជនភៀសសឹកចំនួន២០គ្រួសារដែលបានមកស្នាក់អាស្រ័យនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អំឡុងពេលមានសង្គ្រាមតាមព្រំដែនខ្មែរ-ថៃ ទទួលបានអំណោយពីរដ្ឋបាលស្រុកកំពង់លែងនិងអង្គកា រមូលនិធិសម្រាប់ការអភិវឌ្ឍនិងជំនួយសង្គ្រោះអន្តរជាតិ(FIDR)ដែលជាអង្គការរបស់ប្រជាជនជប៉ុន។
ក្នុងពិធីប្រគល់អំណោយដែលបានរៀបចំឡើង នៅថ្ងៃទី២៣ ខែមករាឆ្នាំ២០២៦ ប្រធានអង្គការប្រជាជនជប៉ុន បានលើកឡើងថា កន្លងមកអង្គការរបស់លោកតែងតែរួមចំណែកជាមួយរដ្ឋបាលស្រុកកំពង់លែងដោយបានជួយឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងស្រុកក៏ដូចជាជនភៀសសឹក ដែលបានភៀសខ្លួនគេចពីសង្គ្រាមមកស្នាក់នៅក្នុងស្រុកកំពង់លែងនេះជាជាញឹកញាប់ និងបន្តជួយដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ផងដែរ។
បន្ថែមពីនេះ អង្គកានេះថែមទាំងជួយបង្ហាត់បង្រៀនប្រជាពលរដ្ឋកម្ពុជាឲ្យចេះច្នៃប្រឌិតផលិតផលកសិកម្ម ដោយធ្វើអាហារម្សៅត្រីហ្វូរីកាកិ(Furikake) ដោយនាំរូបមន្តពីប្រទេសជប៉ុន។ ការកែច្នៃអាហារប្រភេទនេះ គឺផ្សំពីត្រីឆ្អើរជាមួយបន្លែដូចជា ស្ពៃស,ល្ពៅ,ផ្ទី, ស្លឹកម្រុំ,ស្លឹ កបាស់,ស្លឹកខ្ទឹម,។ល។ គ្រឿងផ្សំទាំងអស់នោះគឺមាននៅក្នុងសហគមន៍របស់ប្រជាកសិករស្រាប់ ដែលធ្វើឱ្យអាហារកែច្នៃនេះ មានទាំងឱជារសឆ្ងាញ់ពិសា និងទទួលបានសុខភាពល្អទៀតផងដែរ។ គម្រោងនេះដែរ គឺដើម្បីចូលរួមជួយដល់ជីវភាពរស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹងថា ជនភៀសសឹកដែលភៀសខ្លួនមកស្នាក់នៅជាបណ្ដោះអាសន្នក្នុងស្រុកកំពង់លែងក្នុងអំឡុងពេលមានសង្គ្រាមនៅតាមព្រំដែនខ្មែរ-ថៃគឺមានចំនួន១៤៩គ្រួសារកន្លងមករដ្ឋបាលស្រុកបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ
លោកបន្តថា មកទល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹក ចំនួន ១២០គ្រួសារបានវិលត្រឡប់ទៅ លំនៅដ្ឋានរបស់ពួកគាត់វិញអស់ហើយ នៅសល់២០គ្រួសារនេះប៉ុណ្ណោះ ដែលមិនទាន់បានត្រឡប់ ទៅកាន់លំនៅដ្ឋានរបស់គាត់វិញ ដូច្នេះអាជ្ញាធរនិងរដ្ឋបាលស្រុកនៅតែបន្តដោះស្រាយជីវភាពជូនពួកគាត់ជាបន្តបន្ទាប់៕


















