សិក្ខាកាម១៤៩រូប ទទួលបានវិញ្ញាបនបត្រក្នុងវគ្គអប់រំនយោបាយ ជំនាន់ទី២៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង
25-01-2026 20:14
(ស្ទឹងត្រែង)៖ សិក្ខាកាមចំនួន១៤៩រូប ក្នុងចំណោម១៥០រូប ដែលចូលរួមវគ្គអប់រំនយោបាយ ជំនាន់ទី២៨ នៅស្នាក់ការគណបក្សប្រជាជន កម្ពុជា ខេត្តស្ទឹងត្រែងទទួលបានវិញ្ញាបនបត្រ ដែលជំរុញឱ្យការអនុវត្តតាមមូលដ្ឋានរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់។
ពិធីប្រគល់វិញ្ញាបនបត្រក្នុងវគ្គអប់រំនយោបាយនេះ រៀបចំឡើង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ក្រោមវត្តមាន លោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត លោក លោកជំទាវ ប្រធាន អនុប្រធានសមាជិក គណៈ អចិន្រ្តៃយ៍បក្សខេត្ត។
ថ្លែងក្នុងពិធីបិទវគ្គអប់រំនយោបាយ លោក សរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈឃោសនាអប់រំនៃគណបក្សខេត្ត និងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមទាំងអស់ ព្រមទាំងបានជំរុញឱ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ យកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះ ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស កសាងអង្គការចាត់តាំងគណបក្សឱ្យកាន់តែរឹងមាំ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរថែមទៀត។
លោក សរ សុពុត្រា បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបក៏ដូចជា សមាជិក, សមាជិកា របស់គណបក្សទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបន្តវេនដឹកនាំ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខជាដរាប។
លោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា តាមរយៈការរៀនសូត្រ សិក្ខាកាម បានវាយតម្លៃខ្ពស់ចំពោះសារៈប្រយោជន៍នៃការអប់រំ នយោបាយ ដែលខ្លួនបានទទួលនូវពុទ្ធិថ្មីៗ បន្ថែមទៀតទាំងខាងទ្រឹស្តី ការអនុវត្តជាក់ស្តែងដែលពាក់ព័ន្ធខ្លឹមសារនៃ មេរៀន និងរបាយការណ៍នីមួយៗ ក៏ដូចជាការលើកកម្ពស់នូវការយល់ដឹងអំពីគោលបំណង និងឧត្តមគតិរបស់គណបក្ស អំពីគោលការណ៍ គោលនយោបាយសំខាន់ៗមួយចំនួន និងបទពិសោធន៍នៃការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីសភាពការណ៍ទូទៅនិងភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ន។
លទ្ធផលនៃវគ្គអប់រំនយោបាយរយៈពេល ២ ថ្ងៃនេះ សិក្ខាកាមបានបង្ហាញពីការយល់ដឹង បានល្អចំនួន ៨០ភាគរយ មានការយល់ដឹងបានល្អបង្គួរ ចំនួន ១៥ ភាគរយ និងមានការយល់ដឹងក្នុងកម្រិតមធ្យម ចំនួន ៥ ភាគរយ៕


















