ក្រុមហ៊ុនអាមេរិក Chevron គ្រោងលក់ទ្រព្យសម្បត្តិប្រេងនៅតំបន់អាស៉ី ក្នុងនោះអាចរួមមានទាំងស្ថានីយឥន្ធនៈ Caltex ជាង៥០កន្លែង នៅកម្ពុជា ២៦ទីតាំងនៅសិង្ហបុរី និង៤២០ទីតាំង នៅម៉ាឡេស៉ី (Video inside)
26-01-2026 12:39
(សិង្ហបុរី)៖ ក្រុមហ៊ុនប្រេងយក្សរបស់សហរដ្ឋអាមេរិក Chevron មានគោលដៅសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដើម្បីលក់ទ្រព្យសម្បត្តិប្រេង របស់ខ្លួននៅក្នុងតំបន់អាស៉ី អំឡុងត្រីមាសទី១នៃឆ្នាំ២០២៦នេះ ស្របពេលដែលក្រុមហ៊ុន កំពុងស្ថិតក្នុងការចរចាដំណាក់កាលចុងក្រោយ ជាមួយក្រុមហ៊ុនប្រេងជប៉ុន Eneos និងក្រុមហ៊ុនស្វ៉ីស Glencore។ នេះបើតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ទ្រព្យសម្បតិ្តចម្បងដែល Chevron ផ្តោតលក់ គឺភាគហ៊ុន៥០ភាគរយ នៅក្នុងក្រុមហ៊ុនចម្រាញ់ប្រេងសិង្ហបុរី SRC រួមជាមួយមូលដ្ឋានស្តុកប្រេង និងស្ថានីយប្រេងឥន្ធនៈ នៅប្រទេសអាស៊ានមួយនេះ។ មិនតែប៉ុណ្ណោះ យោងតាមប្រភពព័ត៌មានដែល Reuters ទទួលបាន ក្រុមហ៊ុនក៏មានបំណងចង់រាប់បញ្ចូល ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា និងម៉ាឡេស៉ី ទៅក្នុងកិច្ចព្រមព្រៀងលក់ផងដែរ។ សរុបបញ្ចូលគ្នាទ្រព្យសម្បត្តិទាំងនេះ មានតម្លៃខ្ទង់១ពាន់លានដុល្លារ ឬខ្ពស់ជាងនេះទៅទៀត។ នៅអាស៉ី ស្ថានីយប្រេងឥន្ធនៈ ដែលស្ថិតក្រោមយីហោ Caltex របស់ Chevron រួមមាន២៦ទីតាំងនៅសិង្ហបុរី ៥៣ទីតាំងនៅកម្ពុជា និង៤២០ទីតាំង នៅម៉ាឡេស៉ី។
គួរបញ្ជាក់ថា ការលក់ខាងលើ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Chevron ក្នុងការកាត់បន្ថយការវិនិយោគលើទ្រព្យសម្បតិ្តប្រេង នៅក្នុងតំបន់អាស៉ី ខណៈដែលក្រុមហ៊ុនធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញជាសកល ដើម្បីបង្កើនប្រសិទ្ធភាពនៃលំហូរប្រតិបត្តិការ និងបន្ថយការចំណាយ៕




