មន្ទីរវប្បធម៌៖ រួមគ្នាដើម្បីលើកតម្លៃសិល្បៈសម្តែងក្នុងវង់ភ្លេងប្រពៃណីខ្មែរ ដើម្បីថែមង្គលក្នុងពិធីអាពាហ៍ពិពាហ៍
26-01-2026 12:59
(ភ្នំពេញ)៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អមដោយលោកស្រី អ៊ួន យ៉ាដា អនុប្រធានមន្ទីរទទួលបន្ទុក លោកស្រី ជ្រិន សុភ័ត្រ្ត ប្រធានការិយាល័យសិល្បៈទស្សនីយភាព លោកស្រី នូ ពុទ្ធធឿន ប្រធានការិយាល័យអភិវឌ្ឍវប្បធម៌ និងក្រុមការងារ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនីកាត់សក់ក្នុងវង់ភ្លេងប្រពៃណីចំនួន៤ក្រុម ដែលអញ្ជើញមកពីក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ។
ជាកិច្ចចាប់ផ្តើម លោកប្រធានមន្ទីរ បានថ្លែងកោតសរសើរចំពោះក្រុមភ្លេងទាំងអស់ ដែលបានរួមចំណែកក្នុងការថែរក្សាវង់ភ្លេងមួយនេះ ពីព្រោះថាវង់ភ្លេងការ បានដើរតួនាទីសំខាន់បំផុត ក្នុងពិធីប្រពៃណីអាពាហ៍ពិពាហ៍ និងជាពិធីឆ្លងវ័យមួយ ដែលគ្រប់ស្រទាប់វណ្ណៈមិនអាចចៀសផុតបាន ក្នុងមួយជីវិតនៃខ្មែរម្នាក់ៗ តាំងពីអតីតកាលដ៏យូរលង់រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែកន្លងមកនេះ សង្កេតឃើញថាមានការរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។
ក្នុងន័យនេះ លោកប្រធានមន្ទីរ ក៏បានស្នើសុំដល់ក្រុមភ្លេងខាងលើ សូមបន្តរួមគ្នាលើកស្ទួយតម្លៃសីលធម៌សង្គមតាមរយៈនៃការសម្តែងដោយការចែករំលែកព័ត៌មានទៅកាន់ក្រុមផ្សេង និងសូមធ្វើការអំពាវនាវដល់បណ្តាក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់នូវសកម្មភាព អសីលធម៌ សម្តែងមិនសមរម្យ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។ ម្យ៉ាងទៀតពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូមអាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។
ជាការឆ្លើយតប តំណាងក្រុមដែលបានអញ្ជើញចូលរួមសំណេះសំណាលខាងលើ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរ ដែលបានផ្តល់ឱកាស បានមកជួបនាពេលនេះ ហាក់បីដូចបានបង្កើតនូវភាពស្និទ្ធស្នាល និងផ្តល់ភាពកក់ក្តៅសម្រាប់ក្រុមសិល្បៈមហាជនឱ្យមានទំនាក់ទំនងល្អជាមួយក្រុមការងារមន្ទីរ។
ក្នុងនាមជាជំនួយការរដ្ឋបាលខេត្ត និងជាសេនាធិការឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សូមគោរព និងថ្លែងអំណរគុណដោយជ្រាលជ្រៅចំពោះស្មារតី ស្រលាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងសូមចូលរួមទប់ស្កាត់នូវរាល់រូបភាព អវិជ្ជមានគ្រប់ទម្រង់ដែលធ្វើឱ្យប៉ះពាល់តម្លៃនៃមរតកដូនតា៕























