សកម្មជន និងភ្នាក់ងារគាំទ្របក្សភ្លើងទៀន៧៣រូប ដើរចេញពីបក្ស និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
26-01-2026 13:10
(កំពង់ស្ពឺ)៖ ដោយយល់ឃើញយ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព សកម្មជន និងភ្នាក់ងារគាំទ្រគណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល បានដឹកនាំក្រុមការងារចលនាកសាង សមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ចុះទទួលបេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនចំនួន៧៣រូប មកពីឃុំនិទានក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលសម្រេចលាឈប់ពីគណបក្ស និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ពិធីនេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។
ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀតចំនួន៧៣រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។
ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើបានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លិចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ដោយយើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុតនូវវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក ទី ប៊ុនថេង បានអបអរសាទរចំពោះវត្តមានបងប្អូនដែលបានចូលរួមថ្ងៃនេះ និងបាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្សជូនក្រុមគ្រួសារលោក លោកស្រី ដែលបានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួនមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពជាក្នុងឱកាសនេះ។ ហើយការសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។
លោក ទី ប៊ុនថេង ក៏បានបន្ថែមថា៖ «ការប្រកាសចុះទទួលសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលនេះសរុបចំនួន៧៣រូប ដែលជាសមាជិក សុទ្ធសឹងតែជាសកម្មជនដែលធ្លាប់មាននិន្នាការនយោបាយផ្សេងៗកន្លងមក ពិសេសជាអតីតគណបក្សភ្លើងទៀន គណបក្សសង្គ្រោះជាតិ និងគណបក្សដទៃទៀត»។
លោក ទី ប៊ុនថេង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងដើម្បីបង្ហាញអំពីឆន្ទៈគោរពស្រឡាញ់សន្តិភាព ចូលរួមថែរក្សាស្ថិរភាពនយោបាយ និងបន្តការអភិវឌ្ឍ ព្រមទាំងបដិសេធ គំនិតនយោបាយ ជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចលសារជាថ្មីម្តងទៀត។
គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ដូច្នេះសូមបងប្អូនមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕











