តើធ្វើដូចម្ដេច ដើម្បីទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ពីកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ?

26-01-2026 13:18

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្ត «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ហើយប្រសិនបើមាតាបិតា ដែលមានបណ្ណសមធម៌មានសុពលភាព នាំកូនទៅចុះឈ្មោះចូលកម្មវិធីនៅសាលាឃុំ សង្កាត់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនៅរៀងរាល់ចុងខែ។

សូមគ្រួសារដែលមានបណ្ណសមធម៌ (ក្រីក្រ១ ​និងក្រីក្រ២)​ មានសុពលភាព​ អញ្ជើញទៅចុះឈ្មោះសិស្សចូល ក្នុងកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ក្នុងក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមនីតិវិធីដូចខាងក្រោម​​ ៖

១​​. សិស្សានុសិស្សត្រូវទៅជួបមន្ត្រីអនុវត្ដកម្មវិធីនៅសាលារៀនដែលខ្លួន កំពុងសិក្សា​ដោយភ្ជាប់មកជាមួយបណ្ណសមធម៌ច្បាប់ដើមមានសុពលភាព​ និងលិខិតចុះឈ្មោះចូលរៀន​ ដើម្បីធ្វើការបញ្ជាក់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធអែប (App) របស់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

២​. បន្ទាប់មកត្រូវទៅជួបមន្ត្រីអនុវត្ដកម្មវិធីនៅសាលាឃុំ​-សង្កាត់ ​ដោយភ្ជាប់ជាមួយនូវបណ្ណសមធម៌ច្បាប់ដើមមានសុពលភាព​ និងលិខិតចុះឈ្មោះចូលរៀន​ដើម្បីចុះឈ្មោះក្នុងកម្មវិធី។
សូមបញ្ជាក់ផងដែរថា​ ៖ សិស្សានុសិស្សស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ និងបានចុះឈ្មោះចូលក្នុងកម្មវិធីរួចរាល់ ​នឹងទទួលបានប្រាក់ឧបត្តម្ភនៅរៀងរាល់ចុងខែ សម្រាប់៖​​
* បឋមសិក្សា​ ទទួលបាន​ ២ម៉ឺនរៀល​ ក្នុង ១ខែ
* មធ្យមសិក្សាបឋមភូមិ​ ទទួលនបាន​​​ ២ម៉ឺនរៀល ក្នុង ១ខែ​
* មធ្យមសិក្សាទុតិយភូមិ​ ទទួលបាន​ ៣ម៉ឺនរៀល​ ក្នុង ១ខែ
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម ៖ ០៩២ ២១៩ ៨៨៨ ឬ ០១៥ ២១៩ ៨៨៨ រៀងរាល់ម៉ោងធ្វើការ៕