លោក គង់ សោភ័ណ្ឌ ផ្ដាំសមណនិស្សិត-និស្សិត ត្រូវរៀនឲ្យខ្លាំង ក្លាយជាធនធានមនុស្ស ជួយកសាងប្រទេសជាតិ ឲ្យរីកចម្រើនទៅមុខ
26-01-2026 14:58
(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានផ្ដាំផ្ញើរសមណនិស្សិត-និស្សិតទាំងអស់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវរៀនឲ្យខ្លាំង ក្លាយជាធនធានមនុស្សល្អជួយកសាងប្រទេសជាតិឲ្យរីកចម្រើនទៅមុខ ព្រោះជាតិយើងត្រូវការអ្នកមានចំណេះដឹង ជំនាញពិតប្រាកដ ដូច្នេះត្រូវដាក់ចិត្តខំរៀន ប្រាសចាកឲ្យអស់រាល់ទង្វើអបាយមុខផ្សេងៗ។
លោករដ្ឋលេខាធិការបានថ្លែងបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដល់សមណនិស្សិត-និស្សិតជំនាន់ទី៣ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។
ពិធីក៏បានប្រព្រឹត្តទៅក្រោមព្រះវត្តមាន សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រមទាំងបានការនិមន្ត និងចូលរួមពី ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ លោក លោកស្រី ជាគណៈគ្រប់គ្រង សាស្រា្តចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យ, អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល, សមាជិកក្រុមប្រឹក្សាស្រុកអង្គស្នួល, មន្ត្រីរាជការ កងកម្លាំង មេឃុំ សមណនិស្សិត-និស្សិត យុវជនស.ស.យ.ក. កាកបាទក្រហម កាយរិទ្ធិជាតិកម្ពុជា សរុបអ្នកចូលរួមចំនួន ២,៧៣៥ អង្គ/នាក់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រគេន និងជូន សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមណនិស្សិត និស្សិត ក្មួយៗយុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួល។
លោក គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗសមណនិស្សិត-និស្សិតទាំងអស់ ត្រូវបន្តការខិតខំសិក្សាស្រាវជ្រាវ ពង្រឹងចំណេះដឹងជំនាញឱ្យបានខ្លាំងក្លា ហាត់ពត់លត់ដំខ្លួន ប្រឡូកជាមួយនឹងកិច្ចការការងារសង្គម ការងារមនុស្សធម៌ ធ្វើជាខឿនការពារជាតិដ៏រឹងមាំ ដោយត្រូវមានជាប់ជាប្រចាំនូវឥរិយាបទថ្លៃថ្នូរ គុណធម៌ មនសិការស្នេហាជាតិ ដើម្បីអនាគតខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងការពារអនាគតជាតិឱ្យបានរឹងមាំ។
ជាចុងក្រោយ នៅចំពោះមុខនៃការឈ្លានពានបូរណភាពទឹកដីពីប្រទេសថៃ លោកក៏បានសំណូមពរដល់អង្គពិធីទាំងមូល យកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅព្រំដែន និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ស្របតាមស្មារតី សមរភូមិក្រោយ គាំទ្រសមរភូមិមុខ។ ជាមួយគ្នានេះ សូមឈរលើគោលការណ៍សាមគ្គីភាព ឯកភាពជាតិតែមួយ និងបន្តគាំទ្រយ៉ាងពេញទំហឹងលើ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះយុទ្ធសាស្ត្រការពារជាតិ និងនយោបាយការទូត ស្របតាមរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕























