អាជ្ញាធរខេត្តព្រះវិហារ ចុះចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំឆែបពីរ ស្រុកឆែប

26-01-2026 15:01

(ព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកឆែប នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៦៧គ្រួសារ រស់នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោក គឹម ចាន់បញ្ញា បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងដីធ្លីឲ្យមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

លោកអភិបាលរងខេត្តព្រះវិហារ បានលើកឡើងទៀតថា បណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសារផ្លូវច្បាប់ដ៏មានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការបង្កើនភាពជឿជាក់ លើការកាន់កាប់ដីធ្លី ការធ្វើកសិកម្ម ការអភិវឌ្ឍជីវភាពរស់នៅ និងការទទួលបានសេវាហិរញ្ញវត្ថុពីស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ ត្រូវប្រើប្រាស់ដីធ្លីឱ្យបានត្រឹមត្រូវតាមច្បាប់ និងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅមូលដ្ឋានឱ្យបានល្អ។

​ក្នុងនាមរដ្ឋបាលស្រុកឆែប លោក ឃិត សុធារ៉ា អភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារចុះបញ្ជីដីធ្លី មន្ទីរជំនាញ និងអាជ្ញាធរឃុំ-ភូមិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម រហូតឈានដល់ការចេញប័ណ្ណជូនប្រជាពលរដ្ឋនៅថ្ងៃនេះ។ លោកអភិបាលស្រុក បានណែនាំប្រជាពលរដ្ឋ បន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍភូមិឃុំរបស់យើង។

ដោយឡែកប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី និងជួយលើកកម្ពស់សិទ្ធិស្របច្បាប់របស់ពួកគាត់។ សកម្មភាពនេះ ចាត់ទុកជាជំហានដ៏សំខាន់ ក្នុងការកាត់បន្ថយវិវាទដីធ្លី និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅស្រុកឆែប និងខេត្តព្រះវិហារ ឲ្យកាន់តែមានស្ថិរភាព និងចីរភាព៕