តំណាងរាស្រ្តមណ្ឌលរតនគិរី ចុះសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភជូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន១៣គ្រួសារ នៅស្រុកលំផាត់

26-01-2026 16:43

(រតនគិរី)៖ លោក គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក នាង សំអាត អភិបាលខេត្តរងខេត្តរតនគិរី និងក្រុមការងារចុះជួយស្រុក នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់គ្រួសារវីរកងទ័ពជួរមុខ​ ដែលឈរជើងការពារព្រំដែន ចំនួន១៣គ្រួសារ នៅស្រុកលំផាត់។

ក្នុងឱកាសនេះ លោក គិត ទ្រី បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុង មិនឱ្យជួបការខ្វះខាតឡើយ។

លោកបានបន្តថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

លោក គិត ទ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូន ត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ច។

អំណោយដែលបានឧបត្ថម្ភជូនគ្រួសារ វីរកងទ័ពទាំង ១៣គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៣បេ ស្មើ ៧៥គីឡូក្រាម, មី១កេស, ទឹកត្រី២យួរ, ត្រីខ២យួរ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ប៊ីចេង ១កញ្ចប់, ប្រេងឆា ១ដប, អំបិល ១កញ្ចប់ និងថវិកា ៣០ម៉ឺនរៀលផងដែរ៕