Fresh Exclusive: សាមគ្គីភាពជាតិ៖ ខែលការពារដ៏មានអានុភាពបំផុត ប្រឆាំង «សង្គ្រាមបំផ្លាញពីខាងក្នុង» (Video inside)

26-01-2026 18:01

(ភ្នំពេញ)៖ នៅពេលដែលប្រទេសមួយកំពុងស្វែងរកផ្លូវសន្តិភាព និងព្យាយាមបិទទ្វារសង្គ្រាម ការបាញ់គ្រាប់កាំភ្លើង នឹងមិនចាំបាច់ឱ្យកើតឡើងទៀតទេ ដើម្បីជួយបញ្ចៀសគ្រោះថ្នាក់ដល់សង្គម និងប្រទេសជាតិ។ ប៉ុន្តែពេលនេះ សម្តីញុះញង់ជាបន្តបន្ទាប់របស់ក្រុមប្រឆាំង ដើម្បីបំបែកបំបាក់ផ្ទៃក្នុងជាតិ ចាប់ពីសម្តីដែលចោទថា «មេដឹកនាំខ្មែរ បានបោះបង់ចោលកងទ័ព» រហូតដល់សម្តីអំពាវនាវជម្រុញឱ្យសាច់ញាតិយោធា «បង្ហោះព័ត៌មានជាសាធារណៈ» គឺជាការរុញបញ្ឆេះ ដោយប្រើសម្តីចាក់ដោតគ្មានការពិត ដែលអ្វីទាំងនេះ កំពុងត្រូវបានគេប្រើជាអាវុធមួយក្នុងការចង់បំបែកសង្គម និងបំផ្លាញទំនុកចិត្តមកលើរាជរដ្ឋាភិបាល។ នេះមិនមែនជាវិវាទដ៏ធម្មតាទេ ប៉ុន្តែជាសង្គ្រាមមួយ ដែលបំផ្លាញពីខាងក្នុងនិងដែលគេមិនអាចមើលរំលងបានឡើយ។

សម្តីញុះញង់ ដែលហៅឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ដោយយកអារម្មណ៍ភ័យខ្លាច និងការឈឺចាប់ជាអាវុធ គឺជាគំរូជាក់ស្តែងនៃ «សង្គ្រាមបំផ្លាញពីខាងក្នុង» សង្គ្រាមមិនឃើញឈាម ដែលបំបែកសាមគ្គីភាព ចង់ផ្តួលរំលំទំនុកចិត្តពលរដ្ឋមកលើស្ថាប័នដឹកនាំជាតិ ក្នុងបំណងចង់ធ្វើឱ្យជាតិខ្សោយ មុនពេលសត្រូវបង្ហាញមុខ។ ក្នុងបរិបទនេះ សាមគ្គីភាពជាតិ មិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែគឺជាខែលយុទ្ធសាស្ត្រដ៏រឹងមាំដើម្បីការពារជាតិ។

* សម្តីញុះញង់ គឺជាភស្តុតាងនៃ «សង្គ្រាមបំផ្លាញពីខាងក្នុង»

នៅពេលដែលកម្ពុជា កំពុងរងការវាយប្រហារពីសត្រូវឈ្លានពានទឹកដី ក្រុមប្រឆាំងមិនបានឈរនៅជួរមុខ ដើម្បីលើកទឹកចិត្តស្មារតីយុទ្ធជនខ្មែរ ដែលយកដើមទ្រូងការពារជាតិ ដោយមិនខ្លាចការបូជាជីវិតឡើយ។ ផ្ទុយទៅវិញ ពួកគេនិងមេខ្លោងរបស់ខ្លួន បែរជាបំបាក់ទឹកចិត្តយុទ្ធជនខ្មែរ ដោយនិយាយសរសើរសត្រូវឈ្លានពានថាមានសមត្ថភាពពូកែជាងយុទ្ធជនខ្មែរ ជួយស្រែកបន្ទរព័ត៌មានអំពីការដុតបំផ្លាញផ្ទះអ្នកស្រុកខ្មែរ ការលួចទ្រព្យសម្បត្តិខ្មែរ ហើយថែមទាំងចំអកសមត្ថភាពការពាររបស់កម្ពុជា ដោយអះអាងថាមិនអាចការពារប្រាសាទបុរាណរបស់ខ្លួនបានទៀតផង។

នៅពេលដែលរាជរដ្ឋាភិបាល កំពុងប្រើប្រាស់ការទូត និងច្បាប់អន្តរជាតិ ដើម្បីស្វែងរកការបញ្ឈប់ការបាញ់គ្នា និងបញ្ចៀសការហូរឈាម ក្រុមជ្រុលនិយមបែរជាចោទប្រកាន់ដោយគ្មានមូលដ្ឋានថា រដ្ឋាភិបាលកំពុង «រក្សាភាពស្ងៀមស្ងាត់» ដោយការកាត់ដីប្តូរជាមួយអំណាចសម្តីមួយដែលគ្មានការពិត និងមានគោលបំណងបំភ្លៃការពិត។

លើសពីនេះទៅទៀត ដើម្បីដុតបញ្ឆេះកំហឹង និងរុញសង្គមឱ្យឆ្ពោះទៅរកភាពច្របូកច្របល់ ក្រុមប្រឆាំងបានបំប៉ោងសម្តីចោទប្រកាន់គ្មានការពិតថា រាជរដ្ឋាភិបាល «បានបោះបង់កងទ័ព» ហើយថែមទាំងញុះញង់ឱ្យបង្ហោះព័ត៌មានមិនពិតទាំងនេះជាសាធារណៈ។ ទង្វើបែបនេះ មិនមែនជាការជួយសង្គមស្វែងរកយុត្តិធម៌ដោយប្រាជ្ញាទេ ប៉ុន្តែជាវិធីសាស្ត្របង្កសម្ពាធនយោបាយ ដើម្បីរុញសង្គមឱ្យធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ។

ជាក់ស្តែង វាជាវិធីសាស្ត្រដែលប្រើ អារម្មណ៍ភ័យខ្លាចកំហឹង និងក្តីសង្ស័យ ជាអាវុធដើម្បីបំបែកសង្គម និងរុញឱ្យប្រជាពលរដ្ឋឈ្លោះប្រកែកគ្នា។ ព្រោះនៅពេលអារម្មណ៍ឆេះឡើង ព័ត៌មានមិនពិតអាចក្លាយជាអាវុធ ហើយសង្គមទាំងមូលក៏អាចក្លាយជាសមរភូមិ នេះហើយជាសារសំខាន់នៃ សង្គ្រាមបំផ្លាញពីខាងក្នុង។

* សាមគ្គីភាពជាតិ៖ មិនមែនបិទមាត់ ប៉ុន្តែបិទទ្វារអាវុធអារម្មណ៍ និងការញុះញង់

ក្នុងពេលដែលកម្ពុជា កំពុងអនុវត្តការទូតអហិង្សា និងប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសសង្គ្រាម និងការពារអធិបតេយ្យភាពជាតិ, ក្រុមជ្រុលនិយមខ្មែរ មិនត្រឹមតែមិនចូលរួមលើកទឹកចិត្តផ្លូវសន្តិភាពនោះទេ ប៉ុន្តែបែរជាព្យាយាមរុញឱ្យប្រជាពលរដ្ឋប្រើសម្តីបង្កើនជម្លោះជាមួយប្រទេសជិតខាងដូចជា វៀតណាមជាដើម។ គោលបំណងពិត មិនមែនដើម្បីការពារជាតិឡើយ ប៉ុន្តែដើម្បីធ្វើឱ្យខ្មែរមានសត្រូវគ្រប់ទិសទី បង្កភាពសង្ស័យ និងបំបែកសាមគ្គីភាពរវាងខ្មែរគ្នាឯង ខណៈពេលដែលកំពុងមានរឿងជាមួយថៃ ក៏បែរជារុញឱ្យសាធារណមតិអន្តរជាតិយល់ខុសថា កម្ពុជា ជាភាគីបង្កជម្លោះជាមួយប្រទេសជិតខាង។

បំណងដែលចង់បំភ្លៃការយល់ឃើញសាធារណមតិ បែបនេះ គឺជាការបង្វែរភាពពិតឱ្យដើរបញ្ច្រាស ពីប្រទេសមួយដែលកាន់លទ្ធិព្រះពុទ្ធសាសនា ជាប្រទេសនៃពលរដ្ឋស្លូតត្រង់ និងមិនចូលចិត្តការឈ្លោះប្រកែក ប្រែទៅជារូបភាពនៃ «អ្នកបង្ករឿង» នៅក្នុងភ្នែកអ្នកដទៃ ទោះបីកម្ពុជា ធ្លាប់មានប្រវត្តិសាស្ត្រឈឺចាប់ពីការបាត់បង់ទឹកដីដោយសារប្រទេសជិតខាងកន្លងមកក៏ដោយ។

ការរុញឱ្យខ្មែរឈ្លោះជាមួយប្រទេសផ្សេងៗ តាមរយៈសម្តីញុះញង់ មិនមែនជាចលនាជាតិនិយមដោយប្រាជ្ញាទេ ប៉ុន្តែជាយុទ្ធសាស្ត្រ បំផ្លាញពីខាងក្នុង ដែលបម្លែងអារម្មណ៍ឈឺចាប់និងប្រវត្តិសាស្ត្រ ទៅជាអាវុធនយោបាយ។ បើសង្គមជឿលើសម្តីបែបនេះនោះមានន័យថា កំពុងបើកទ្វារឱ្យសម្ពាធពីក្រៅ ជ្រៀតចូលបំបែកជាតិ និងធ្វើឱ្យសមត្ថភាពសម្រេចចិត្តជាតិ ខ្សោយដោយខ្លួនឯង។

ក្នុងកាលៈទេសៈនេះ សាមគ្គីភាព មិនមានន័យថា បិទមាត់ ឬបិទសំណួរឡើយ។ ផ្ទុយទៅវិញ វាមានន័យថា ដោះស្រាយបញ្ហាដោយប្រព័ន្ធ ប្រាជ្ញា និងស្ថាប័ន ហើយមិនអនុញ្ញាតឱ្យការឈឺចាប់ កំហឹង ឬក្តីសង្ស័យ ត្រូវបានយកទៅធ្វើជាអាវុធបំផ្លាញសង្គម។ ប្រទេសដែលសង្គមរឹងមាំ គឺជាប្រទេសដែល មិនឲ្យព័ត៌មានញុះញង់ឆេះ មិនរុញបញ្ឆេះកំហឹង និងមិនបង្កបញ្ហាផ្ទៃក្នុងដោយចេតនា។ សង្គមបែបនេះ នឹងបិទទ្វារ «សង្គ្រាមបំផ្លាញពីខាងក្នុង» ហើយបើកផ្លូវសន្តិភាព ដើម្បីសេចក្តីសុខ សុវត្ថិភាព និងអនាគតរួមរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់។

* ត្រូវបំបែកឲ្យច្បាស់៖ យុត្តិធម៌ គឺផ្លូវច្បាប់ មិនមែនផ្លូវញុះញង់

ការទាមទារយុត្តិធម៌ ត្រូវអនុវត្តតាម ផ្លូវច្បាប់ ស្ថាប័ន និងនីតិវិធីស្របច្បាប់ ដោយផ្អែកលើភស្តុតាង ការត្រួតពិនិត្យ និងការទទួលខុសត្រូវ។ នេះហើយជាផ្លូវតែមួយ ដែលអាចនាំទៅរកការកែតម្រូវ ការព្យាបាលរបួសសង្គម និងសន្តិភាពរយៈពេលវែង។ ផ្ទុយទៅវិញ ការអំពាវនាវឱ្យប្រើអារម្មណ៍បញ្ឆេះកំហឹង ជម្រុញឱ្យមានសកម្មភាពខុសច្បាប់ ខណៈអ្នកញុះញង់ស្ថិតនៅក្រៅប្រទេសចាំទទួលផលនយោបាយនោះ គឺជាការបម្លែងយុត្តិធម៌ទៅជាអាវុធនយោបាយ អាវុធដែលមិនស្វែងរកការពិត ប៉ុន្តែស្វែងរកការឆេះឆួល បំបែកសង្គម និងបំផ្លាញប្រទេសខ្លួនឯង។ ទង្វើបែបនេះ មិនត្រឹមតែមិននាំឱ្យទទួលបានយុត្តិធម៌តាមផ្លូវច្បាប់អន្តរជាតិទេ ប៉ុន្តែថែមទាំងបិទទ្វារយុត្តិធម៌ដោយខ្លួនឯងផងដែរ។

យុត្តិធម៌ ពុំមែនជាសម្តីចាក់ដោត ឬការញុះញង់ឱ្យសង្គមកើតកំហឹងឡើយ។ យុត្តិធម៌ គឺជាដំណើរការដែលបង្កើតទំនុកចិត្ត ស្ថិរភាព និងការព្រមព្រៀងក្នុងសង្គម។ ផ្ទុយទៅវិញ សម្តីញុះញង់ បង្កើតតែភាពសង្ស័យ ការបែកបាក់ និងការប្រឈមមុខគ្នា ហើយនៅចំណុចដែលការឈឺចាប់ និងកំហឹងជាតិនិយមជ្រុល ត្រូវបានបំពក់ និងប្រើជាឧបករណ៍នយោបាយ នោះហើយជាភ្នក់ភ្លើង ដែលអាចចាប់ផ្តើម សង្គ្រាមបំផ្លាញពីខាងក្នុង ក្នុងដំណើរយឺតៗ ប៉ុន្តែមានគ្រោះថ្នាក់ខ្លាំង។

ដូច្នេះ ផ្លូវនាំទៅរកសន្តិភាព មិនមែនជាផ្លូវនៃការអូសទាញអារម្មណ៍ ការរុញឱ្យប្រជាពលរដ្ឋឈ្លោះគ្នា ឬការបង្កជម្លោះជាមួយប្រទេសជិតខាងនោះទេ។ ផ្លូវសន្តិភាព គឺជាផ្លូវនៃសាមគ្គីភាពដោយប្រាជ្ញា ដែលអនុញ្ញាតឱ្យមានសំណួរការតាមដាន និងការរិះគន់ក្នុងភាពទទួលខុសត្រូវមានន័យថា ត្រូវធ្វើឡើងក្នុងក្របខណ្ឌច្បាប់ និងស្ថាប័ន ដើម្បីការពារជាតិ និងអនាគតរួមមិនមែនដើម្បីបំផ្លាញជាតិដោយដៃខ្លួនឯងឡើយ។

* សេចក្តីសន្និដ្ឋាន

ពិតណាស់សង្គ្រាមបំផ្លាញពីខាងក្នុង មិនចាំបាច់ប្រើគ្រាប់កាំភ្លើងឡើយវាត្រូវការតែការបំពុលព័ត៌មាន ការអុជអាលសម្តីញុះញង់ និងការបង្កកំហឹង ដើម្បីបំបែកសង្គម។ នៅពេលខ្មែរ ឈប់ឱ្យសម្តីញុះញង់ក្លាយជាអាវុធ, នៅពេលសង្គមឈរលើប្រាជ្ញា មិនមែនលើ «កំហឹងទល់នឹងកំហល់» នោះ សាមគ្គីភាពជាតិ នឹងក្លាយជាខែលការពារដ៏មានអានុភាពបំផុត។

ផ្លូវសន្តិភាព មិនមែនជាផ្លូវងាយស្រួលទេ ប៉ុន្តែវាជាផ្លូវមានសុវត្ថិភាពជាងផ្លូវអារម្មណ៍។ អនាគតជាតិ នឹងត្រូវបានការពារ នៅពេលខ្មែរ ជ្រើសសាមគ្គីភាព ជំនួសការបែកបាក់ ជ្រើសប្រាជ្ញា ជំនួសកំហឹង និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងការពារអធិបតេយ្យភាព និងសន្តិភាពរយៈពេលវែង។

ដោយហេតុនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំជឿលើសម្តីបញ្ឆេះកំហឹង និងព័ត៌មានបំភ្លៃរបស់ក្រុមជ្រុលនិយម ដែលមានគោលបំណងបំបែកបំបាក់ជាតិ។ សូមឈរលើការពិត លើច្បាប់ និងស្ថាប័នដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន។ ហើយសូមអំពាវនាវដល់អ្នកដែលកំពុងដើរខុសផ្លូវ បោះបង់ចោលផ្លូវញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងក្រុមមេខ្លោងបំផ្លាញជាតិ បញ្ឈប់ការប្រើអារម្មណ៍ ជាអាវុធនយោបាយ និងត្រឡប់មករួមដៃជាមួយរាជរដ្ឋាភិបាល និងសង្គមជាតិ ក្នុងស្មារតីសាមគ្គីភាព ដើម្បីការពារជាតិ ការពារប្រជាជន និងអនាគតរួមរបស់កម្ពុជា។ ខ្មែរ មិនជ្រើសកំហឹង, ខ្មែរ ជ្រើសសាមគ្គីភាព សន្តិភាព និងអនាគតជាតិដ៏រុងរឿងរបស់ខ្លួន៕