មេអាវុធហត្ថខេត្តកំពង់ស្ពឺ សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ឲ្យចូលទៅហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ
26-01-2026 18:49
(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឲ្យចូលទៅហ្វឹកហ្វឺន នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ ជាតំណាងលោកបណ្ឌិត ជាម ចន្ទ័សោភណ័ អភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរលោកស្រីអភិបាលរងខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីផងដែរ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពិធីនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មី ជាពិសេសបានផ្តាំផ្ញើ ដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានល្អ និងបានបញ្ជាក់បន្ថែមទៀតថា ដើម្បីក្លាយជាកងកម្លាំងមាន គុណភាព មានសមត្ថភាព សាម៉ីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុះខាត់សមត្ថភាព និងជំនាញឲ្យបានខ្លាំងខ្លា។
នាឱកាសនោះ លោកស្រី គា សុភូ បានសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ទាំងអស់ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មី ដែលបានចូលរួមក្នុងពិធី ជាពិសេសក៏បានពាំនាំនូវពាក្យផ្តាំផ្ញើពីសំណាក់លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ ដល់យោធិនទើបជ្រើសរើសថ្មី ឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បេសកកម្មក្នុងការហ្វឹកហ្វឺនឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទឲ្យបានល្អ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានល្អ សម្រាប់សង្គមជាតិនៃយើង។
ជាចុងក្រោយ មុននឹងបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួមនឹងលោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានបំពាក់ក្រម៉ា និងជូនបាច់ផ្កាអនុស្សាវរីយ៍ ដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ហើយក៏បានឧបត្ថម្ភដនូវសម្ភារៈមួយចំនួន សម្រាប់ហូបចុកពេលទៅហ្វឹកហ្វឺនរៀនសូត្រ ដោយក្នុងនោះម្នាក់ៗទទួលបាន៖ ទឹកផ្លែឈើចំនួន០១កេស, មីចំនួន០១កេស និងទឹកសុទ្ធចំនួន០១កេស ថែមទៀត៕




















































