ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ប្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន

26-01-2026 18:52

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះមន្ទីរ ត្រូវជៀសឱ្យឆ្ងាយ ពីគ្រឿងញៀនគ្រប់ប្រភេទ បើធ្វើតេស្តរកឃើញ ត្រូវបណ្តេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរាជការ និងបញ្ឈប់ពីការងារ ចាត់ការតាមនិតិវិធីច្បាប់ ចំពោះមន្ត្រីជាប់កិច្ចសន្យា។

ការថ្លែងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោក អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំរបស់មន្ទីរ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាជាច្រើនរូបទៀត។

កិច្ចប្រជុំនាឱកាសនេះ លោក សំ លាងទ្រី បានថ្លែងកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានបំពេញតួនាទី ភារកិច្ច ដោយការទទួលខុសត្រូវ ធ្វើឱ្យកិច្ចការរបស់មន្ទីរទទួលបានលទ្ធផលល្អ និងជោគជ័យជាបន្តបន្ទាប់ ពិសេសក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធនៅតាមព្រំដែន មន្ត្រីរបស់យើងបាន ខិតខំធ្វើការដោយមិនរុញរាក្រោមស្នូរគ្រាប់កាំភ្លើងទៀតផង។

ពាក់ព័ន្ធនិងសភាពការណ៍នៅតាមព្រំដែន លោកប្រធានមន្ទីរ បានថ្លែងណែនាំដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ទាំងអស់ ត្រូវមានការទុកចិត្ត ជឿជាក់ លើសម្តេចតេជោ ហ៊ុន សែន លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ពិសេសត្រូវតាមដានព័ត៌មានតាមផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផេកក្រសួងការពារជាតិ ក្រសួងព័ត៌មាន ផេករដ្ឋបាលខេត្តព្រះវិហារ នឹងកុំឡាច កុំស៊ែរ លើផេកព័ត៍មានក្លែងក្លាយ ដែលនាំឱ្យមានបញ្ហាអសន្តិសុខដល់សង្គមជាតិ និងប៉ះពាល់ដល់ខ្លួនយើងចំពោះផ្លូវច្បាប់៕