សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងាររដ្ឋបាលឆ្នាំ២០២៦
26-01-2026 20:31
(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងាររដ្ឋបាលឆ្នាំ២០២៦ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធឡើងនៅព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ក្រោមអធិបតីភាព លោក ងួន ណារ៉ា ប្រធានសាលាដំបូង និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានសាលាដំបូង លោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម មន្រ្តីលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃលេខាធិការដ្ឋានចំនួន ៣៤៥នាក់។
ក្នុងឱកាសបើកអង្គសន្និបាត លោក ច្រឹង ខ្មៅ បានថ្លែងថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងាររដ្ឋបាលឆ្នាំ២០២៥ ដែលជាសន្និបាតលើកទី១២ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្មារតីមាត្រា៣៤ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។ លោកព្រះរាជអាជ្ញាបានមានប្រសាសន៍ថា អំណាចតុលាការជាអំណាចឯករាជ្យ ហើយតួនាទី និងភារកិច្ចរបស់សាលាដំបូង និងអយ្យការអមសាលាដំបូង ត្រូវបានកំណត់យ៉ាងច្បាស់លាស់ក្នុងច្បាប់ ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប៉ុន្តែនៅក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីឱ្យទទួលបានជោគជ័យ សាលាដំបូង និងអយ្យការអមសាលាដំបូ ង រាជធានីភ្នំពេញ ពិតជាមិនអាចខ្វះបានក្នុងការធ្វើការទំនាក់ទំនង និងសហប្រតិបត្តិការជាមួយនឹងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែង ក្នុងឆ្នាំកន្លងមកនេះ លទ្ធផលការងារបានល្អប្រសើរច្រើ នបើប្រៀបធៀបនឹងឆ្នាំ២០២៤ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់ក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំទី២ នៃយុទ្ធនាការជំរុញ និងពន្លឿនចំណាត់ការរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ តែទោះជាយ៉ាងណាក៏នៅមានបញ្ហាប្រឈមសេសសល់ខ្លះទៀតត្រូវដោះស្រាយ ហេតុ ដូច្នេះ លោកស្នើឱ្យ លោក លោកស្រីព្រះរាជអាជ្ញារង អនុប្រធាន ចៅក្រម មន្រ្តីលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃលេខាធិការដ្ឋានរដ្ឋបាលលើកឡើងពីបញ្ហាប្រឈមទាំងនោះ និងចូលរួមចំណែកពិភាក្សារកដំណោះស្រា យ និងលើកទិសដៅសកម្មភាពការងារនាពេលខាងមុខបានត្រឹមត្រូវ។
របាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងាររដ្ឋបាលឆ្នាំ២០២៦ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញត្រូវបានអានដោយលោក អ៉ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់មកលោកប្រធានសាលាដំបូងស្នើសុំមតិយោបល់ និងសុំការឯកភាពពីអង្គសន្និបាត ហើយអង្គសន្និបាតបានឯកភាព និងគាំទ្រជាឯកច្ឆ័ន្ទ។
សន្និបាតប្រព្រឹត្តទៅតាមរបៀបវារៈរបស់ខ្លួន ដោយក្នុងនោះអង្គសន្និបាតបានពិភាក្សាយ៉ាងផុលផុសលើ ប្រធានបទ៖
*១. បញ្ហាប្រឈម និងដំណោះស្រាយនៃចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ
*២. បញ្ហាប្រឈម និងដំណោះស្រាយនៃចំណាត់ការសំណុំរឿងរដ្ឋប្បវេណី
*៣. បទបង្ហាញរបស់ក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្ដីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ពីចំណាត់ការសំណុំរឿងគ្រឿញៀន
*៤. បទបង្ហាញរបស់ក្រុមការងារបច្ចេកទេសសម្របសម្រួលដំណើរការរឿងក្ដីពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ពីចំណាត់ការសំណុំរឿងសម្អាតប្រាក់ និង Scam Online។
លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងសុទ្ទរកថាបិទសន្នបាត ដោយលើកឡើងថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌នៅ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលជាវិធានគន្លឹះមួយ ក្នុងចំណោមវិធានគន្លឹះទាំងប្រាំ ដែលជាកិច្ចការអាទិភាពដ៏សំខាន់ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រគល់ជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាព។
ជាក់ស្តែង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានប្រកាសបើកយុទ្ធនាការចំនួន២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ស្របតាមសេចក្តីសម្រេចលេខ០១ កយ.សសរ/២៤ ចុះថ្ងៃទី០៤ខែមករា ឆ្នាំ២០២៤ និងសេចក្តីសម្រេចលេខ ០៤ កយ.សសរ/២៤ ចុះថ្ងៃទី០៨ខែមករា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ និងមតិណែនាំលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងអង្គប្រជុំប្រកាសបើកយុទ្ធនាការ។
សាលាដំបូង និងអយ្យការអមសាលាដំបូង ដែលជាសេនាធិការរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងជាប្រតិបត្តិករអនុវត្តដោយផ្ទាល់នូវដំណើរការជំរុញ និងពន្លឿនរឿងក្តីគ្រប់ប្រភេទនៅសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូង ក្នុងដែនសមត្ថកិច្ចឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ ទាំងនេះជាអម្រែកនៃការទទួលខុសត្រូវរួមគ្នា។
ដើម្បីធានាបាននូវដំណើរការការងារខាងលើឱ្យបានល្អប្រសើរ ក្នុងនាមលោកផ្ទាល់ និងជួសមុខឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូង លោកប្រធាន ស្នើលោក លោកស្រីទាំងអស់ចូលរួម៖
*១៖ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការឱ្យបានកាន់តែល្អរវាងផ្នែកពាក់ព័ន្ធទាំងផ្ទៃក្នុងអង្គភាព ទាំងជាមួយស្ថាប័នពាក់ព័ន្ធខាងក្រៅ និងជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។
*២៖ បន្តពង្រឹង និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ ពេលម៉ោងបំពេញការងារតាមច្បាប់កំណត់ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ ដោយត្រូវប្រកាន់ភ្ជាប់នូវឧត្តមគតិយុត្តិធម៌។
*៣៖ បន្តរួមគ្នាអនុវត្តដោយសកម្មនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការក្នុងជំហ៊ានអនុវត្តឆ្នាំទី៣ ក្នុងឆ្នាំ២០២៦ ដើម្បីទទួលបានជោគជ័យជាបន្តទៀត។ ក្នុងនេះដែរ បន្តអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះចំណាត់ការសំណុំរឿងអាទិភាព មានបទល្មើសគ្រឿងញៀន ចរាចរណ៍ក្មេងទំនើង និងការដោះស្រាយរឿងក្តីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ ត្រូវយកចិត្តទុកដាក់ពិនិត្យចាត់ការសំណុំរឿងចាស់ៗដែលនៅសល់ច្រើនឆ្នាំកន្លងមក។
*៤៖ បន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសមួយចំនួនដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណ: ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ បទល្មើសសម្អាតប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ ដោយត្រូវប្រកាន់យកនូវភាពម៉ឹងម៉ាត់ ហ្មត់ចត់ក្នុងការអនុវត្តច្បាប់ និងសេចក្តីណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្តនូវយុទ្ធនាការបង្ក្រាបបទល្មើសទាំងនេះ។
*៥៖ បន្តលើកទឹកចិត្តដល់លោក លោកស្រីចៅក្រម ធ្វើការដោះស្រាយរឿងក្តីរដ្ឋប្បវេណីតាមយន្តការសម្របសម្រួលសះជាដែលច្បាប់អនុញ្ញាត បើទោះបីជារឿងក្តីត្រូវបានដាក់បណ្តឹងតាមផ្លូវតុលាការក៏ដោយ ក៏នីតិវិធីច្បាប់នៅតែផ្តល់លទ្ធភាពជូនដល់ចៅក្រមក្នុងការសម្របសម្រួលគូភាគីដើម្បីផ្សះផ្សា និងសះជា ជាមួយគ្នា ដែលជាការអនុវត្តនូវនយោបាយ ឈ្នះ-ឈ្នះ ដើម្បីធានាបាននូវសុខដុមរមនាក្នុងសង្គមជាតិ។
*៦៖ ការពង្រឹងភាពត្រឹមត្រូវ និងគុណភាពនៃសេចក្តីសម្រេច៖
-ការសម្រេចអំពីការឃុំខ្លួនត្រូវពិនិត្យអំពីលក្ខខណ្ឌច្បាប់ និងស្ថានភាពផ្សេងៗទៀត ដោយប្រើឆន្ទានុសិទ្ធិស្របតាមច្បាប់ ពិនិត្យភាពធ្ងន់ស្រាលនៃបទល្មើស ស្ថានភាពជនត្រូវចោទ មូលហេតុ និងវិច្ច័យទាក់ទងផ្សេងទៀត។ត្រូវយកចិត្តទុកដាក់ពិនិត្យរយ:ពេលនៃការឃុំខ្លូនដោយត្រូវចៀសវាងការឃុំខ្លួនលើសថិរវេលាច្បាប់កំណត់។
-អំពីការធ្វើសេចក្តីសម្រេច ទាំងសំណុំរឿងរដ្ឋប្បវេណី ទាំងសំណុំរឿងព្រហ្មទណ្ឌ នៅដំណាក់កាលស៊ើបសួរ និងការចេញសាលក្រម ត្រូវធ្វើការពិនិត្យសម្រេចឱ្យបានត្រឹមត្រូវតាមអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ដែលមានក្នុងសំណុំរឿង។ ត្រូវពង្រឹងគុណភាពនៃសេចក្តីសម្រេច ពិសេសផ្នែកសំអាងហេតុនៃសាលក្រមឱ្យមានសង្គតិភាពជាមួយនឹងសេចក្តីសម្រេច បទប្បញ្ញត្តិច្បាប់ រួមទាំងការពិនិត្យឱ្យបានត្រឹមត្រូវនូវចំណុចសារធាតុ ខ្លឹមសារ និងអក្ខរាវិរុទ្ធ។
*៧៖ ត្រូវពិនិត្យរាល់សំណើ និងសំណូមពរពីភាគីដែលបានស្នើសុំដោយត្រូវធ្វើការសម្រេច និងឆ្លើយតបឱ្យបានឆាប់រហ័ស ចៀសវាងទុកចោលដោយភាគីពុំបានទទួលដំណឹង ទាំងនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក៏ដូចជារឿងក្តីរដ្ឋប្បវេណី និងការស្នើសុំបញ្ជាក់ស្ថាពរ ឬសុំរូបមន្តអនុវត្ត ចាំបាច់មានការផ្តល់ជូនបានឬផ្តល់ដំណឹងពីការផ្តល់ជូនមិនបាន។
*៨៖ យកចិត្តទុកដាក់រៀបចំ និងបញ្ជូនសាលក្រមឱ្យបានឆាប់រហ័សមករក្សាទុកនៅរដ្ឋបាល និងបញ្ជូនសាលក្រមបានទាន់ពេលវេលាទៅតាមគោលដៅដែលត្រូវអនុវត្ត និងធានាការអនុវត្តសិទ្ធិប្តឹងឧទ្ធរណ៍របស់អង្គការអយ្យការ ដោយចៅក្រមទទួលបន្ទុកតាមបន្ទប់នីមួយៗត្រូវម្ចាស់ការក្នុងការផ្តល់ឱ្យបានទាន់ពេលវេលាតាមច្បាប់កំណត់៖
-បន្តចាត់ការជូនដំណឹងសាលក្រមកំបាំងមុខតាមនីតិវិធី
-បន្តត្រួតពិនិត្យធ្វើចំណារសាលក្រមស្ថាពរដើម្បីបញ្ជូនទៅក្រសួងយុត្តិធម៌ និងចាត់ចែងការអនុវត្តឱ្យបានទាន់ពេលវេលា
-រៀបចំ និងបញ្ជូនសំណុំរឿងជាប់បណ្តឹងឧទ្ធរណ៍/ជំទាស់ ទៅសាលាឧទ្ធរណ៍ឱ្យបានឆាប់រហ័ស និង ទាន់ពេលវេលាដែលច្បាប់បានកំណត់ រយៈពេលត្រូវធ្វើការបញ្ជូនចំពោះករណីពាក់ព័ន្ធការឃុំខ្លួន។
*៩៖ ស្នើក្រុមការងារជំនាញនីមួយៗ បន្តការងារប្រជុំជាប្រចាំដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងចំណាត់ការសំណុំរឿង និងពិនិត្យរៀបចំតាក់តែងរូបមន្តអនុវត្ត គំរូដីកាផ្សេងៗ ដើម្បីឱ្យការអនុវត្តមានភាពរលូន និងឯកភាពតែមួយ។
ប្រធានសាលាដំបូងក៏បានកោតសរសើរ និងអបអរចំពោះលទ្ធផលដែលទទួលបានផងដែរថា នៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្រ្តីទាំងអស់របស់ សាលាដំបូង និង អយ្យការអមសាលាដំបូង រួមទាំងលេខាធិការដ្ឋាន រដ្ឋបាល និងអាជ្ញាសាលា បានខិតខំ អស់ពីកម្លាំង កាយចិត្ត និង ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា។
ជាក់ស្តែងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការរបស់ក្រសួងយុត្តិធម៌ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសលទ្ធផលដែលសម្រេចបានសម្រាប់ឆ្នាំទី២ នៃយុទ្ធនាការ ដោយទទួលបានចំណាត់ថ្នាក់ល្អ និងបានរង្វាន់ផងដែរ។
ក្នុងពិធីបិទសិន្និបាតនេះដែរ ក៏មានពិធីជូនបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនលោក លោកស្រីអនុប្រធានសាលាដំបូង លោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីរាជការ ហើយក៏មានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្ត្រីផងដែរ៕






















































