កម្លាំងអាវុធហត្ថបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់ នៅខេត្តព្រះសីហនុ ដោយដកហូតថ្នាំញៀនមួយចំនួន

26-01-2026 22:07

(ព្រះសីហនុ)៖ ក្រោមការចង្អុលបង្ហាញពីលោក លាវ ស្រេង ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចាត់តាំងលោកវរសេនីយ៍ត្រី ឡុង គីមហួរ នាយការិយាល័យអាវុធហត្ថទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បានស្រាវជ្រាវតាមនីតិវិធី និងចុះឆែកឆេរនៅចំណុចលើភ្នំលីងហាវ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កងកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ៣នាក់ (ស្រី ១នាក់) វិជ្ជមានសារធាតុញៀន និងបានដកហូតវត្ថុតាងរួមមាន៖

*១៖ ប្រភេទហេរ៉ូអ៉ិន (Heroine) ទម្ងន់សុទ្ធ ២៣៩.៥ ក្រាម

*២៖ ប្រភេទកេតាមីន (KET) ទម្ងន់សុទ្ធ ៦គីឡូ ៤៧០.៧ ក្រាម

*៣៖ ប្រភេទមេតំហ្វេតាមីន (MET) ទម្ងន់សុទ្ធ ៤០៣.៣ ក្រាម

*៤៖ ប្រភេទអ៉ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គីឡូ ៤៦១.៥ ក្រាម

*៥៖ សារធាតុផ្សំ ទម្ងន់សុទ្ធ ៩៩គីឡូ ៣៥០ ក្រាម

*៦៖ សារធាតុមិនច្បាស់លាស់ ទម្ងន់សុទ្ធ ៤០គីឡូ ៥០០ ក្រាម។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ដព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕