រដ្ឋមន្ត្រី ឈាង រ៉ា៖ បញ្ហាព្រំដែន ហេដ្ឋានរចនាសម្ព័ន្ធសុខាភិបាល ៧០ទីតាំង ត្រូវបានខូចខាតស្ទើរតែទាំងស្រុង តែមិនប៉ះពាល់ប្រព័ន្ធសុខាបាលនោះទេ នៅតែតាមបម្រើ និងឆ្លើយតបជូនប្រជាពលរដ្ឋ (Video inside)
26-01-2026 22:12
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា អំឡុងមានបញ្ហាព្រំដែនកម្ពុជា-ថៃ ហេដ្ឋានរចនាសម្ព័ន្ធសុខាភិបាលចំនួន ៧០ទីតាំង ត្រូវបានរងការប៉ពាល់យ៉ាងខ្លាំង ដោយខ្លះខូចខាតដោយអន្លើនិងទីតាំងខ្លះទៀតខូចខាតស្ទើរទាំងស្រុងមិនអាចដំណើរការបាន តែទោះជាយ៉ាងណាប្រព័ន្ធសុខាភិបាលនៅតែបន្តឈរបានយ៉ាងរឹងមាំ ដើម្បីឆ្លើយតបក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋយើង ពិសេសវីរកងទ័ព និងប្រជាជនភៀសសឹក។
នេះបើតាមការឆ្លើយតបទៅនឹងសំណួររបស់បណ្ដាញព័ត៌មាន Fresh News ជាង ១៨នាទី ក្នុងសន្និសីទសារព័ត៌មាន នាឱកាសបើកសន្និតបាតសុខាភិបាលលើកទី៤៥ បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្ដៗទៀត នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា «ការរងផលប៉ះពាល់ដល់ហេដ្ឋានរចនាសម្ព័ន្ធសុខាភិបាលចំនួន ៧០ទីតាំង រួមទាំងមានមន្ទីរពេទ្យខេត្ដ មន្ទីរពេទ្យបង្អែកខេត្ដ មណ្ឌលសុខភាពជាដើម ដោយក្នុងចំណោមប្រមាណ ៥៧ ទៅ ៧០ បានរងការខូចខាតមិនអាចដំណើរការបាន តែមិនប៉ះពាល់ដល់ការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងនោះឡើយ ព្រោះថា កន្លែងតំបន់ដែលប្រឈម និងរងផលប៉ះពាល់ដោយបញ្ហាព្រំដែន ប្រជាពលរដ្ឋនៅទីតាំងប្រឈមក៏ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព ដូច្នេះបុគ្គលិកសុខាភិបាលយើងក៏ត្រូវទៅតាមដែរ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយើង»។
«លើសពីនេះយើងបានបញ្ជូនមន្ត្រីសុខាភិបាល មធ្យោបាយដឹកជញ្ជូនបន្ថែមទៀត ដើម្បីជួយលើកស្ទួយក្នុងការបម្រើសេវាមិនឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល និងប្រជាពលរដ្ឋ»។ នេះមិនមែនជារឿងចែដន្យនោះទេ តែយើងបានត្រៀមលក្ខណៈជាស្រេច ដើម្បីឆ្លើយតបទាន់ពេលទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតក្រៅពីបម្រើសេវាសុខាភិបាល យើងក៏មានការចុះអប់រំផ្សព្វផ្សាយពីការថែរក្សាសុខភាពពីជំងឺឆ្លង មិនឆ្លង ការរក្សាអនាម័យ និងការពារផ្សេងៗទៀត ពិសេសការពិនិត្យសុខភាពឱ្យបានទៀងទាត់ក្នុងអំឡុងភៀសសឹក ខណៈដែលយើងមានការដាក់ស្ដង់សុខភាពគ្រប់កន្លែងដែលមានប្រជាជនភៀសសឹក»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។
សូមអញ្ជើញាទស្សនាវីដេអូ នៃប្រសាសន៍របស់លោកសាស្រ្តាចារ្យ ដែលដូចតទៅ៖



















































