មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ចូលរួមក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យ លេីកទី៥ ឆ្នាំ២០២៦ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ី សាអូឌីត

26-01-2026 22:17

(អារ៉ាប៊ី សាអូឌីត )៖ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងវេទិកាអនាគតនៃវិស័យអចលនទ្រព្យលេីកទី៥ ឆ្នាំ២០២៦ (RFF2026) នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។

ឆ្លេីយតបនឹងសំណួររបស់អ្នកសម្របសម្រួល លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរំលេចជូនអង្គវេទិកា ថាក្នុងវិស័យអចលទ្រព្យ រាជរដ្ឋាភិបាលកម្ពុជាមិនចាត់ទុកខ្លួនត្រឹមតែជាអ្នកដាក់ចេញគោលនយោបាយ និងជានិយ័តករនោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់និងស្និទ្ធស្នាលរបស់អ្នកអភិវឌ្ឍន៍ផងដែរ។ ភាពជាដៃគូនេះ ធ្វេីឡេីង តាមរយៈ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន កិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកសាងសង់កម្ពុជា និងសមាគម អ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ជាដេីម។

ជាងនេះទៅទៀត ចំពោះមួយចំនួនតូចដែលត្រូវបានប៉ះពាល់ដោយសារកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាតែងនៅឈរដោះស្រាយជាមួយភាគីពាក់ព័ន្ធ ដោយឈរលេីគោលការណ៍ ឈ្នះ ឈ្នះ និងជាពិសេសបានផ្តល់ការអនុគ្រោះពន្ធ និងលេីកលែងការបង់កម្រៃសេវា សាធារណៈជាច្រេីន ធ្វេីយ៉ាងណាធានាការពារផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋជាអតិថិជន និងអ្នកពាក់ព័ន្ធ។

ពាក់ព័ន្ធនឹងគោលនយោបាយលំនៅឋាន លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ជូនវេទិកាថា កម្ពុជាមានគោលនយោបាយ ប្រែក្លាយ ផ្ទះ របស់ប្រជាពលរដ្ឋគ្រប់គ្រួសារទៅជាទ្រនំសុភមង្គល តាមរយៈការជំរុញ ឱ្យមាន ស្ថាបត្យកម្ម សាមញ្ញ ងាយស្រួលរស់នៅ មានផាសុកភាព មានបណ្តាញ សេវាសាធារណៈជាមូលដ្ឋានគ្រប់គ្រាន់ ដូចជា ទឹក ភ្លេីង ផ្លូវ ផ្សារ សាលារៀន មណ្ឌលសុខភាព ។ល។ ដេីម្បីសម្រេចគោលដៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងជំរុញបង្កេីតនិងប្រេីប្រាស់មូលនិធិ លំនៅឋាន ការផ្តល់កម្ចីទាបសមរម្យ និងការវិនិយោគអចលនវត្ថុឱ្យចំគោលដៅ។ ក្នុងន័យនេះ វិស័យឯកជន ពិតជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមធ្វេីឱ្យសម្រេចក្តីស្រមៃ របស់កម្ពុជា៕