រដ្ឋមន្រ្តីសុខាភិបាល ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាថែទាំសុខភាពជូនពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល
26-01-2026 22:44
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសំខាន់ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើឡើងនៅក្នុងឱ្យកាសអញ្ជើញបើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្ត នាទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគ្រីត្រា។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា ក្នុងឆ្នាំ២០២៥ ក្រសួងសុខាភិបាលសម្រេចបាននូវសមិទ្ធផលសំខាន់ជាច្រើនដូចជា ការផ្តល់សេវាថែទាំសុខភាព និងការគ្រប់ដណ្តប់ការបម្រើសេវា ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងសំខាន់ៗ ការបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណ ការលើកកម្ពស់សមធម៌ និងការទទួលបានសេវាថែទាំសុខភាព ការបណ្តុះបណ្តាលបន្ត និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។
លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តីបានថ្លែងទៀតថា «ខ្ញុំពិតជាសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ រាជធានី-ខេត្ត ទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងក្នុងការ អនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ព្រមទាំងវិស័យឯកជនផងដែរ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ និងមានការរីកចម្រើនគួរជាទីមោទន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល៧ នៃរដ្ឋសភា ដែលចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ»។
លោកសាស្រ្តាចារ្យ ឈាង រ៉ា «បានថ្លែងបន្ថែមថា ជាមួយវឌ្ឍនភាពដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន យើងនៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសុខាភិបាលរក្សាបាននូវភាពធន់ និងកាន់តែរីកចម្រើនបន្តទៅមុខបន្ថែមទៀត ដោយក្នុងនោះការអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ការព្យាបាលថែទាំ ដែលមានគុណភាពប្រសិទ្ធភាព គឺទាមទារឱ្យមានសក្តិសិទ្ធភាពដើម្បីធានាថា គុណភាពនៃការព្យាបាល និងការចំណាយរបស់អ្នកជំងឺមានតុល្យភាព។ មួយវិញទៀត ត្រូវពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥»។
សូមបញ្ជាក់ថា សន្និបាតសុខាភិបាលលើកទី៤៥ ធ្វើឡើងក្នុងគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី ដោយផ្តោតលើការកែលម្អសុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខាភិបាល និងកម្មវិធីជំងឺមិនឆ្លង និងសារៈសំខាន់នៃការបន្តពង្រឹងប្រព័ន្ធសុខាភិបាល
ឱ្យមានភាពធន់ និងទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការលើកកម្ពស់អភិបាលកិច្ចល្អ៕











































