សមាគមអគ្គិសនីជនបទ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ជាមួយនឹងការបង្ហាញសមិទ្ធផលសំខាន់ៗជាច្រើន

27-01-2026 12:22

(ភ្នំពេញ)៖ សមាគមអគ្គិសនីជនបទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ជាមួយនឹងការបង្ហាញនូវសមិទ្ធផលសំខាន់ៗជាច្រើន ដើម្បីជួយសម្រួលដល់សេវាករនៅតំបន់ព្រំដែនដែលរងគ្រោះដោយសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ផង់ សារិន សមាជិកទី១ នៃអាជ្ញារធរអគ្គិសនីកម្ពុជា តំណាងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញារធរអគ្គិសនីកម្ពុជា, លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីនៃអាជ្ញាធរអគ្គិសនីកម្ពុជា, អគ្គិសនីកម្ពុជា, អគ្គិសនីកម្ពុជាភាវូបនីយកម្មជនបទ REF អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងពាណិជ្ជកម្ម, និយ័តករគណនេយ្យ និងសវនកម្ម (ACAR) តំណាងស្ថាប័នរដ្ឋ ម្ចាស់ឧបត្ថម្ភ និងសេវាករអគ្គិសនីមកពីទាំង ២៥រាជធានី-ខេត្ត។

នាឱកាសនោះដែរ លោក ទ្រី ឈុនហេង បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ សមាគម បានបំបេញភារកិច្ចជាច្រើន ជាក់ស្តែងការចូលរួមពីសំណាក់សមាជិក គឺជាសក្ខីភាពបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ និងជាកម្លាំងចលករដែលធ្វើឱ្យសមាគមបន្តឈរជើងយ៉ាងរឹងប៉ឹងដើម្បីការពារផលប្រយោជន៍សមាជិក។

ប្រធានសមាគមអគ្គិសនីជនបទ បានថ្លែថា វត្តមានវាគ្មិន គឺជាពន្លឺក្នុងការដោះស្រាយរាល់មន្ទិលសង្ស័យ និងបញ្ហាប្រឈមផ្នែកច្បាប់ដែលសេវាករកំពុងជួបប្រទះ និងចង់ចេះចង់ដឹង។ ឆ្លងកាត់ឆ្នាំ២០២៥កន្លងទៅនេះ សមាគម បានពុះពារសម្រេចបាននូវសមិទ្ធផល និងសកម្មភាពការងារសំខាន់ៗជាច្រើនដូចខាងក្រោម៖

ទី១៖ សកម្មភាព និងសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥៖

*ពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីស្នើសុំលើកលែងការផាកពិន័យលើប្រតិវេទឆ្នាំកន្លងមក និងការសម្រួលនីតិវិធីប្តូរប្រភេទអាជីវកម្មពីសហគ្រាសឯកបុគ្គលទៅជានីតិបុគ្គល ដោយមិនចាំបាច់បិទអាជីវកម្មចាស់។
*សមាគមបានចូលជួបពិភាក្សាជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីជួយសម្រួលដល់សេវាករនៅតំបន់ព្រំដែនដែលរងគ្រោះដោយសភាពការណ៍សង្គ្រាម។
*អគ្គនាយកដ្ឋានពន្ធដារសម្រេចអនុញ្ញាតលើកលែងពន្ធលើអត្ថប្រយោជបន្ថែមចំពោះការចំណាយថ្លៃរបបអាហារចំនួន១៥០០០រៀល/ថ្ងៃ និងអាចយកចំណាយនេះអាចកាត់កងសម្រាប់ពន្ធលើប្រាក់ចំណូលបាន។
*អាជ្ញាធរអគ្គិសនីកម្ពុជាបានសឯកភាពម្រេចជួល សេវា iCloud ឱ្យសេវាករអគ្គិសនីប្រើប្រាស់ដោយអាជ្ញាធរអគ្គិសនីជាអ្នកចំណាយ។
*ទទួលបានការកែសម្រួលពីអគ្គិសនីកម្ពុជា ដោយប្ដូរពីការកត់កងទូរទាត់ថវិកាឧបត្ថម្ភធនពី REF ដោយ វេថវិកាឧបត្ថម្ភធនចូលគណនីរបស់សេវាករដោយផ្ដល់ទើបសេវាករសរុបទៅទូទាត់ថ្លៃថាមពលជូនអគ្គិសនីកម្ពុជា។
*ទទួលបានការលើកលែងផាកពិន័យលើរាល់កំហុសឆ្គង នៃការដាក់របាយការណ៍ទៅនិយ័តករគណនេយ្យ និងសវនកម្ម រហូលដល់ឆ្នាំ២០២៨ (ប៉ុន្ដែត្រូវតែបំពេញភារកិច្ចដាក់របាយការណ៍តាមលទ្ធភាព)។
*ទទួលការជូនដំណឹងពីនិយ័តករគណនេយ្យ និងសវនកម្មអំពីការស្នើសុំតម្លើងលក្ខណៈវិនិឆ័យក្នុងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មជូននិយ័តករគណនេយ្យ និងសវនកម្ម របស់សមាគមផលរបប៖ ពីមុន ៤ប៊ីលានរៀល ប្ដូរទៅជា ៣០ប៊ីលានរៀល, ទ្រព្យសកម្ម៖ ពីមុន ៣ប៊ីលាន ប្ដូរទៅជា ១០ប៊ីលានរៀល, និយោជិក៖ រក្សានៅដដែលគឺ ១០០នាក់, ទទួលបានផ្ដល់វគ្គបណ្ដុះបណ្ដាលពីសាលាជាតិពន្ធដារចំនួន៣ដង, ផ្ដល់ការប្រឹក្សាពិគ្រោះយោបល់ជូនសមាជិក, ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់សមាជិក, បានចូលជួបពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីស្នើសុំបន្ទូរបន្ថយតម្លៃតម្លើងអាសយដ្ឋានជាតិ (.com.kh) និងបានចុះជួបជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមផ្ទាល់របស់សមាជិក។

ប្រធានសមាគមអគ្គិសនីជនបទ សូមប្ដេជ្ញាចិត្តថា នឹងបន្តឈរជាមួយសេវាករអគ្គិសនី ដើម្បីដោះស្រាយរាល់ឧបសគ្គដែលរារាំងដល់ការរីកចម្រើននៃវិស័យអគ្គិសនីជនបទ និងសូមអំពាវនាវដល់បងប្អូនសេវាករដែលមិនទាន់បានចូលជាសមាជិកសមាគម សូមចូលរួមក្នុងជាមួយគ្រួសារអគ្គិសនីក្រោមដំបូលផ្ទះ សមាគមអគ្គិសនីជនបទ៕