លោកស្រី ពុំ ចន្ទីនី អញ្ជើញចូលរួមជាអធិបតី បើកសន្និបាទកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៦
27-01-2026 15:24
(កែប)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងពិធីបើក បើកសន្និបាទសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អាណត្តិទី៦ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប។
ពិធីមានការចូលរួមពីសំណាក់ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ព្ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា យុវជន និងអ្នកស្ម័គ្រចិត្ត សរុប ជាង ៣០០នាក់។
សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកែប មានគោលបំណងពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុអាណត្តិទី៥ កំណត់ទិសដៅការងារអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខា អាណត្តិទី៦។ ជាលទ្ធផល អង្គសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ចំនួន១៥រូប ដោយទទួលបានការគាំទ្រឯកភាព ៤៧លើ ៤៧សំឡេង ហើយបានអនុម័តសមាសភាពដឹកនាំ រួមមាន លោកបណ្ឌិត សោម ពិសិដ្ឋ ជាប្រធាន លោកស្រី អ៊ុល ភីរុណ ជាអនុប្រធានអចិន្ត្រៃយ៍ លោកឱសថការី ម៉ែន សុធីរ ជាអនុប្រធាន លោក កែវ ហុង ជាហិរញ្ញិក និងលោកស្រី អ៊ូ សុគន្ធី ជាលេខាធិការ។
លោកបណ្ឌិត សោម ពិសិដ្ឋ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប អាណត្តិទី៦នេះ បានប្តេជ្ញាបន្តអនុវត្តគោលការណ៍គ្រឹះទាំង៧ នៃចលនាកាកបាទក្រហម ពង្រឹងសាមគ្គីភាព និងដឹកនាំសាខាឲ្យអនុវត្តភារកិច្ចមនុស្សធម៌ ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសបិទសន្និបាត លោកស្រី ពុំ ចន្ទីនី បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយអំពាវនាវឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បន្តពង្រឹងសកម្មភាពមនុស្សធម៌ លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ការបង្ការគ្រោះមហន្តរាយ សុខភាពសាធារណៈ និងវប្បធម៌នៃការចែករំលែកក្នុងសង្គម៕






















