សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ លើកទី២ អាណត្តិទី៤
27-01-2026 15:32
(ពោធិ៍សាត់)៖ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ លើកទី២ អាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានការចូលរួមពី លោក អៀង អូននី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមទីប្រឹក្សាបច្ចេកទេសក្រសួងមហាផ្ទៃ គាំទ្រសម្ព័ន្ធភាពជាតិ, លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត, លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន, សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិ, តំណាងដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនកុះករ។
ថ្លែងក្នុងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការប្រតិបត្តិជាតិ លើកទី២ អាណត្តិទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា, លោក សយ សកុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង រយៈពេល១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានអនុវត្តកន្លងមក, លើកទិសដៅការងារ សម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងពិភាក្សាលើបញ្ហាប្រឈមនានា ដែលរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បានជួបប្រទះ ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកបានថ្លែងបន្តថា សម្ព័ន្ធភាពជាតិឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជាសមាគមរដ្ឋបាលមូលដ្ឋាន ដែលតំណាងឲ្យសំឡេង និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា។ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផលដែលសម្រេចបានដោយសម្ព័ន្ធភាពជាតិឃុំ សង្កាត់ មហាសន្និបាតពង្រីកសម្ព័ន្ធភាពជាតិ ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតបានជា «សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជជាណាចក្រកម្ពុជា» ហៅកាត់ថា «សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន» ។
លោក សយ សកុសល បានគូសបញ្ជាក់ថា សម្ព័ន្ធភាពជាតិ ត្រូវបានបង្កើតឡើងតាមរយៈការប្រមូលផ្តុំដោយស្ម័គ្រចិត្តនូវសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តសកម្មភាព ក្នុងបំណងការពារ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផ្អែកតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ ទោះបីជាកម្ពុជាបានទទួលរងនូវអំពើឈ្លានពានយ៉ាងកំរោល ពីសំណាក់ក្រុមយោធាថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាក្តី ក៏សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានពុះពារបំពេញការងារផ្តល់សេវា ដល់សមាជិករបស់ខ្លួន ដោយទទួលបានលទ្ធផលគួរឱ្យកត់សំគាល់។
លោកសូមសំដែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ គ.ជ.អ.ប, ក្រសួងមហាផ្ទៃ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការបង្កើត និងការអនុវត្តសកម្មភាព របស់សម្ព័ន្ធភាពជាតិ សបញ្ជាក់ឱ្យឃើញពីកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញអភិបាលកិច្ច និងការអភិវឌ្ឍនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕












































