Fresh Exclusive: កម្ពុជាស្ថិតលើវេទិកាសន្តិភាព ខណៈថៃឈរនៅខាងក្រៅ៖ តើនរណាចង់បញ្ចប់សង្គ្រាម និងនរណាចង់បន្តវា? (Video inside)
27-01-2026 17:20
(ភ្នំពេញ)៖ នៅម៉ោងនេះ ថ្មើរនេះ និងលំហូរនៃវិនាទីនេះ ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានកន្លងផុតទៅមួយរយៈពេលក៏ពិតមែន ប៉ុន្តែភាពស្ងប់ស្ងាត់នោះមិនទាន់ជាចម្លើយចុងក្រោយសម្រាប់សន្តិភាពនៅឡើយទេ។ ក្រោមផ្ទៃភាពស្ងៀមស្ងាត់ ក្តីបារម្ភអំពីការអាចផ្ទុះឡើងនូវសង្គ្រាមជាលើកទី៣ នៅតែស្ថិតក្នុងភាពស្រពិចស្រពិល និងមិនទាន់អាចមានការធានាថា វានឹងមិនវិលត្រឡប់មកវិញនោះដែរ។
ក្នុងស្ថានការណ៍ដ៏ផុយស្រួយនេះ សំណួរមួយកំពុងត្រូវបានសហគមន៍អន្តរជាតិ សួរយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែមានទម្ងន់ខ្លាំង៖ បើសង្គ្រាមផ្ទុះឡើងម្ដងទៀត តើភាគីណាចង់បន្តវា និងភាគីណាចង់បញ្ចប់វា?
ចម្លើយមិនស្ថិតនៅក្នុងពាក្យប្រកាស ឬសេចក្តីថ្លែងការណ៍ទេ ប៉ុន្តែស្ថិតនៅក្នុងជម្រើសនយោបាយ ដែលភាគីនីមួយៗបានជ្រើសរើសយក។ ក្នុងបរិបទនេះ ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ត្រូវបានប្រកាសជាផ្លូវការ ខណៈដែលប្រទេសថៃ នៅមិនទាន់សម្រេចចិត្តចូលរួមឡើយ។ ភាពខុសគ្នានេះ មិនមែនជាចៃដន្យនយោបាយទេ ប៉ុន្តែជាសញ្ញានៃទីតាំងយុទ្ធសាស្ត្រ ដែលភាគីទាំងពីរបានជ្រើសរើសឈរ។
តើការឡើងវេទិកាសន្តិភាពរបស់កម្ពុជា មានន័យយ៉ាងណាចំពោះជម្លោះកម្ពុជា-ថៃ? ហើយតើការឈរខាងក្រៅវេទិកានេះ ថៃ កំពុងផ្ញើសារអ្វីទៅកាន់ពិភពលោក?
អត្ថបទFresh Exclusive ខាងក្រោមនេះនឹងពិនិត្យ និងវិភាគលើស្ថានភាពជាក់ស្តែង ដែលកំពុងបញ្ជាក់ថា តើនរណាចង់បិទទ្វារសង្គ្រាម និងនរណាកំពុងទុកវាឲ្យនៅបើកចំហ។
* ឡើងលើវេទិកាសន្តិភាព៖ មិនមែនរត់គេចពីជម្លោះ
សាររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទៅ២៧ ខែមករា បានសរសេរថា ការសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump គឺ «បង្ហាញនូវសុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម»។
ការចូលរួម Board of Peace មិនមានន័យថា កម្ពុជា បោះបង់សិទ្ធិស្វ័យការពារ ឬធ្វើអំពើសម្បទានលើអធិបតេយ្យភាពឡើយ។ ផ្ទុយទៅវិញវាជាសារច្បាស់ថា៖ កម្ពុជា ជ្រើសរើសការប្រឈមមុខដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ តាមផ្លូវច្បាប់ និងសន្តិភាព មិនមែនជ្រើតាមការប្រើអាវុធហិង្សាឡើយ។
ក្នុងន័យនេះ កម្ពុជា កំពុងធ្វើអ្វីមួយដែលមានន័យយុទ្ធសាស្ត្រខ្លាំងជាងការប្រើអាវុធ៖ ការប្រែជម្លោះយោធាឲ្យក្លាយជាជម្លោះសីលធម៌ និងច្បាប់អន្តរជាតិ ទីវាលសមរភូមិមួយ ដែលប្រទេសតូចមួយ អាចឈរបានដោយទម្ងន់នៃភាពត្រឹមត្រូវសុច្ឆន្ទៈ និងការគាំទ្រពីសហគមន៍អន្តរជាតិ។
* អ្នកនៅលើតុ និងអ្នកនៅក្រៅតុ
ក្នុងនយោបាយអន្តរជាតិ មានពាក្យមួយដែលតែងត្រូវបានយកមកប្រើប្រាស់ថា៖ «អ្នកនៅលើតុ គឺជាអ្នកនិយាយ, អ្នកនៅក្រៅតុ គឺជាអ្នកត្រូវពន្យល់»។
ន័យសំខាន់របស់ពាក្យនេះគឺថា អវត្តមាន មិនមែនជាភាពអព្យាក្រឹតឡើយ ប៉ុន្តែជាសារនយោបាយមួយ ដែលត្រូវការការពន្យល់ច្បាស់លាស់។ ក្នុងបរិបទវេទិកាសន្តិភាពនេះ សំណួរដែលសហគមន៍អន្តរជាតិកំពុងសួរគឺ៖ ហេតុអ្វីបានជាប្រទេសថៃ មិនទាន់ចូលរួម? តើវាជាការមិនពេញចិត្តចំពោះយន្តការសន្តិភាព ឬជាការរក្សាទុកជម្រើសយោធា ជាជម្រើសបន្ត?
ផ្ទុយទៅវិញការចូលរួមរបស់កម្ពុជា កំពុងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា ស្រឡាញ់សន្តិភាព មិនរត់គេចពីបញ្ហា ប៉ុន្តែជ្រើសរើសប្រឈមមុខនឹងវាតាមរយៈយន្តការសន្តិភាព។ វាក៏បង្ហាញថា កម្ពុជា មិនខ្លាចការត្រួតពិនិត្យអន្តរជាតិ និងជ្រើសយកច្បាប់ និងការទូត ជាជម្រើសមុនជាងការប្រើអាវុធ។
ក្នុងនាមជាសមាជិកស្ថាបនិក កម្ពុជា មានសិទ្ធិចូលរួមបង្កើត និងបញ្ជូនសារនៃសម្តីសន្តិភាព ពីខាងក្នុងវេទិកា ខណៈដែលថៃនៅក្រៅវេទិកានោះ ក្នុងភាពស្ទាក់ស្ទើរនេះកំពុងក្លាយជាសារនយោបាយមួយ ដោយខ្លួនវាផ្ទាល់សារដែលធ្វើឲ្យពិភពលោក ចាប់ផ្តើមសង្ស័យថា ថៃហាក់ដូចជាមិនទាន់ត្រៀមខ្លួន ដោះស្រាយជម្លោះតាមយន្តការសន្តិភាពនៅឡើយទេ។
* កម្ពុជា កាន់កាប់ «ទីតាំងខ្ពស់» នៃកត្តាសីលធម៌
នៅពេលភាគីរងគ្រោះ ដោយសារសង្គ្រាម ជ្រើសរើសឡើងវេទិកាសន្តិភាព ជំនួសការឆ្លើយតបដោយអាវុធ វាបង្កើតបាននូវទីតាំងខ្ពស់នៃសីលធម៌ (Moral High Ground) ដ៏ស្អាតស្អំ។ ទីតាំងនេះមិនមែនកើតពីពាក្យស្លោកទេ ប៉ុន្តែកើតពីជម្រើសនយោបាយជាក់ស្តែង ដែលត្រូវបានដាក់នៅក្រោមការត្រួតពិនិត្យរបស់ពិភពលោក។
ក្នុងពេលនេះកម្ពុជា កំពុងបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា មិនមែនជាភាគីបង្កជម្លោះ, កម្ពុជា មិនបដិសេធសន្តិភាពនិងកម្ពុជា មិនប្រើសន្តិភាព ធ្វើជាលេសនយោបាយឡើយ។ ការសម្រេចចិត្តចូលរួមវេទិកាសន្តិភាព កំពុងបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនដើម្បីឲ្យជម្លោះមួយរវាងកម្ពុជានិងថៃ ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ និងយន្តការអន្តរជាតិ ដោយបើកទូលាយ និងដោយភាពទទួលខុសត្រូវ។ ក្នុងភាពផ្ទុយគ្នានេះ ភាពអវត្តមានរបស់ថៃ លើវេទិកាសន្តិភាព កំពុងធ្វើឲ្យពិភពលោកចាប់ផ្តើមសួរសំណួរដែលថៃមិនអាចជៀសវាងបានឡើយ។ ជាពិសេសនៅពេលដែលថៃ តែងតែអះអាងថា ខ្លួនជាភាគីរងគ្រោះ ដែលត្រូវការយុត្តិធម៌ និងសន្តិភាព ខណៈចោទប្រកាន់ថា កម្ពុជា ជាភាគីឈ្លានពាននោះ។
សំណួរនោះគឺថា បើថៃជាភាគីរងគ្រោះពិតប្រាកដ ហេតុអ្វីបានជាមិនជ្រើសយកយន្តការសន្តិភាព ដើម្បីស្វែងរកដំណោះស្រាយ? តើអវត្តមានរបស់ថៃក្នុងយនុ្តការសន្តិភាពនេះ បង្ហាញពីការខ្វះសុច្ឆន្ទៈ ឬជាការភ័យខ្លាចរបស់ថៃចំពោះការត្រួតពិនិត្យអន្តរជាតិ? នៅក្នុងនយោបាយអន្តរជាតិ ការមិនចូលរួមវាក៏ជាចម្លើយមួយដែរ។
*ទម្ងន់នយោបាយ ដែលមិនប្រើអាវុធ
ក្រុមប្រឹក្សាភិបាលសន្តិភាព Board of Peace មិនបន្ថែមអាវុធឲ្យកម្ពុជាទេ ប៉ុន្តែវាបន្ថែមទម្ងន់នយោបាយ ទម្ងន់ដែលអាចផ្លាស់ប្តូរសមតុល្យជម្លោះ ដោយមិនបាញ់គ្រាប់កាំភ្លើងសូម្បីមួយគ្រាប់។ ជាមួយនឹងការចូលរួមក្នុងយន្តការសន្តិភាពនេះ កម្ពុជា ទទួលបានអត្ថប្រយោជន៍យុទ្ធសាស្ត្រ ដោយមិនបង្កបន្ទុកសេដ្ឋកិច្ច ឬហិរញ្ញវត្ថុក្នុងអាណត្តិដំបូង។ នេះមិនមែនជាចៃដន្យទេ ប៉ុន្តែជាការគណនានយោបាយយ៉ាងប្រុងប្រយ័ត្ន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់លើបណ្តាញសង្គមថា៖ «ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»។
* តើនេះកំពុងបង្ហាញអ្វី?
១. ការលេងល្បែងនយោបាយដោយគណនា មិនមែនដោយអារម្មណ៍៖ កម្ពុជា ចូលរួមវេទិកាសន្តិភាព ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកភាពស្របច្បាប់ ការគាំទ្រអន្តរជាតិ និងការពង្រឹងទីតាំងការទូតដោយមិនចូលទៅក្នុងបន្ទុកហិរញ្ញវត្ថុធំ។ នេះបង្ហាញថា កម្ពុជាដឹងច្បាស់ថា ត្រូវយកអ្វីនិងមិនយកអ្វី។
២. ការបំបែក «សន្តិភាព» ចេញពី «តម្លៃសេដ្ឋកិច្ច»៖ ការបញ្ជាក់ជាសាធារណៈអំពីមិនបង់ថវិកា ក្នុងអាណត្តិដំបូង គឺជាវិធីបិទចន្លោះនៃការបំភ្លៃព័ត៌មាន និងបញ្ចប់ការប្រើសន្តិភាពជាឧបករណ៍ភ័យខ្លាចក្នុងសង្គម។ កម្ពុជា កំពុងប្រាប់ប្រជាជន និងពិភពលោកថា សន្តិភាព មិនមែនជាអ្វីដែលត្រូវ «ទិញ» ដោយថវិកាជាតិទេ។
៣. ការរក្សាជម្រើសយុទ្ធសាស្ត្រសម្រាប់អនាគត៖ ដោយចូលរួមជាសមាជិកស្ថាបនិករយៈពេលកំណត់, កម្ពុជា ទុកចន្លោះសម្រេចចិត្តសម្រាប់អនាគត ដោយផ្អែកលើលទ្ធផលជាក់ស្តែងរបស់ក្រុមប្រឹក្សាសន្តិភាព-មិនមែនគ្រាន់តែលើការសន្យា ឬជានិមិត្តរូបប៉ុណ្ណោះទេ។ នេះគឺជាភាពបត់បែនយុទ្ធសាស្ត្រសម្រាប់ប្រទេសតូចមួយ ដែលត្រូវការយ៉ាងខ្លាំងដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាជាង១៧លាននាក់។
ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ កំពុងបង្ហាញថា កម្ពុជា មិនស្វែងរកអំណាចតាមរយៈអាវុធ ប៉ុន្តែស្វែងរកអំណាចតាមរយៈភាពស្របច្បាប់ការគាំទ្រ និងការគណនាយុទ្ធសាស្ត្រ។
* សេចក្តីសន្និដ្ឋាន ការសម្រេចចិត្តឡើងវេទិកាសន្តិភាព មិនមែនជាការរត់ចេញពីសង្គ្រាមទេ ប៉ុន្តែជាការធ្វើឲ្យសង្គ្រាមត្រូវឈរនៅក្រោមពន្លឺភ្នែកពិភពលោក។ កម្ពុជា បានជ្រើសរើសទីតាំងមួយ ដែលទុកឲ្យពិភពលោក បានមើលឃើញច្បាស់ដោយខ្លួនឯងថា តើនរណាចង់បញ្ចប់សង្គ្រាម និងតើនរណាចង់បន្តវា?៕












