ក្រសួងបរិស្ថាន សម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់ ១កន្លែង ក្នុងស្រុកស្រែអំបិល ដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន

27-01-2026 21:03

(កោះកុង)៖ ទីតាំងអាជីវកម្មខ្សាច់បក ១កន្លែង ដែលបានដំណើរការដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំដីជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថាអាចបង្កហានិភ័យដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។

ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឱ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មីរបស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឱ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពីអាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងភ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យដល់បរិស្ថាន ឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យធ្វើអាជីវកម្មរ៉ែខ្សាច់។

យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ។

សូមបញ្ជាក់ដែរថា កន្លងមកមានការចុះផ្សាយ និងសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួនអំពីករណីនេះ ប៉ុន្តែក្រុមការងារបានពិនិត្យឃើញថា សកម្មភាពរបស់ទីតាំងអាជីវកម្មខ្សាច់នៅទីនេះ មិនទាន់មានការបង្កបញ្ហា ឬផលប៉ះពាល់ដល់បរិស្ថាន ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។ អាជីវកម្មខ្សាច់នៅទីនេះ បានបើកដំណើរការនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកាយ និងបូមខ្សាច់ ទៅចាក់គរទុក មានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ។

ជាមួយគ្នានេះ អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋានក៏បានឱ្យដឹងថា អាជីវកម្មខ្សាច់នេះពុំមានបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅ និងបរិស្ថាននៅឡើយទេ៕