រដ្ឋមន្ត្រីសុខាភិបាលអះអាងថា កម្ពុជាសម្រេចបានដោយជោគជ័យ នូវគោលដៅជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥

27-01-2026 21:45

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា កម្ពុជាសម្រេចបានដោយជោគជ័យ នូវគោលដៅជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ដោយសារគ្មានករណីឈឺថ្មីនៃជំងឺនេះនៅចុងឆ្នាំ២០២៥។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ បានធ្វើឡើងក្នងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៥ នាថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។ ពិធីបិទសន្និបាតនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា។

រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា «គោលដៅជាតិក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ត្រូវបានសម្រេចដោយជោគជ័យ ដោយសារគ្មានករណីឈឺថ្មីនៃជំងឺគ្រុនចាញ់នៅចុងឆ្នាំ២០២៥ និងការរក្សាគ្មានករណីស្លាប់តាំងពីឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០២៥»។

ទន្ទឹមនឹងភាពជោគជ័យនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងស្នើអង្គការសុខភាពពិភពលោក (WHO) ធ្វើការវាយតម្លៃ និងទទួលស្គាល់ជាផ្លូវការក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តទៀតថា ក្រសួងសុខាភិបាលកំពុងរៀបចំឧបករណ៍បច្ចេកទេសដើម្បីគាំទ្រសំណើរសុំអង្គការសុខភាពពិភពលោកធ្វើការវាយតម្លៃ និងការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការនូវការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាផងដែរ។

ដើម្បីទទួលបានដោយជោគជ័យ នូវគោលដៅជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ក្រសួងបានដាក់ចេញនូវផែនការការងារលម្អិត និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ដើម្បីកំណត់អាទិភាព និងធានាបាននូវនិរន្តរភាពនៃការឆ្លើយតបនឹងជំងឺគ្រុនចាញ់។

មួយវិញទៀត ក្រសួងសុខាភិបាលបានដាក់បញ្ចូលឱសថ Primaquin សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ (Vivax) និងបានធ្វើការសហការជាមួយអាជ្ញាធរខេត្ត ជាពិសេសនៅខេត្តពោធិ៍សាត់ កំពង់ស្ពឺ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ក្រចេះ និងរតនគិរី ដែលជាតំបន់មានហានិភ័យខ្ពស់។ ក្រសួងបានផ្តោតលើការធ្វើតេស្ត និងព្យាបាលឱ្យបានទាន់ពេលវេលា ការផ្តល់សារអប់រំសុខភាព និងការបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំ ជាពិសេសក្នុងចំណោមប្រជាជនចល័ត និងជនចំណាកស្រុក៕