បណ្ឌិត ញិល រដ្ឋា៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព មិនមែនជាការបោះបង់មិត្តចាស់ ឬអង្គការចាស់ទេ ប៉ុន្តែគឺជាការ «ទិញធានារ៉ាប់រងយុទ្ធសាស្ត្រ»

28-01-2026 13:32

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ឬ BoP (The Board of Peace) មិនមែនជាការបោះបង់មិត្តចាស់ ឬអង្គការចាស់ទេ ប៉ុន្តែគឺជាការ «ទិញធានារ៉ាប់រងយុទ្ធសាស្ត្រ»

កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។

ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្តេចធិបតី បានបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។

លោកបណ្ឌិត ញិល រដ្ឋា បានលើកឡើងថា ពិភពលោកក្នុងឆ្នាំ២០២៦ គឺជាពិភពលោកដែល «អ្នកខ្លាំងជាអ្នកកំណត់ច្បាប់»។ សម្រាប់កម្ពុជា ការចូលរួមក្នុង BoP មិនមែនជាការបោះបង់មិត្តចាស់ ឬអង្គការចាស់ទេ ប៉ុន្តែគឺជាការ «ទិញធានារ៉ាប់រងយុទ្ធសាស្ត្រ»។ វាគឺជាការបញ្ចប់យុគសម័យដែលអ្នកនយោបាយជិតខាងអាចយកកម្ពុជាធ្វើជាចំណាប់ខ្មាំងសន្លឹកឆ្នោត ហើយឈានទៅរកយុគសម័យដែលសន្តិភាព និងការអភិវឌ្ឍ ត្រូវបានការពារដោយកិច្ច ព្រមព្រៀងអំណាចពិតប្រាកដ។

បើតាមលោកបណ្ឌិត ញិល រដ្ឋា ក្នុងបរិបទតំបន់ កម្ពុជាតែងតែត្រូវបានអ្នកនយោបាយថៃប្រើប្រាស់ជា «បាវខ្សាច់» សម្រាប់បញ្ឆេះ កំហឹងជាតិនិយម ដើម្បីទាញយកសន្លឹកឆ្នោត។ ជម្រើសដែលមានឥទ្ធិពលបំផុតសម្រាប់កម្ពុជាគឺ «ការចូលរួមតាមរយៈច្រករបៀងមជ្ឈិមបូព៌ា និងអាស៊ីកណ្តាល» ភ្ជាប់ទៅរុស្ស៊ី។ វត្តមានរបស់ប្រទេសទាំង ១៩ នេះ ផ្តល់ឱ្យកម្ពុជានូវប្រូបាប៊ីលីតេខ្ពស់ក្នុងការ «រំលាយឥទ្ធិពលផ្តាច់មុខរបស់ថៃក្នុងជម្លោះទ្វេភាគី» ដោយប្តូរមកជាការចរចាពហុភាគីក្រោមអំណាចរបស់លោក ត្រាំ៕