វិចារណកថា៖ ភាពខុសគ្នានៃលទ្ធផល PM2.5 ដែលទទួលបានពីផ្កាយរណប និងឧបករណ៍វាស់នៅលើដី

28-01-2026 16:16

(ភ្នំពេញ)៖ ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់ជាង​មុនអំពី​គុណ​ភាពខ្យល់។ PM2.5 គឺជាធូលីល្អិតតូចៗ ឬភាគល្អិតនិចលនៅក្នុងខ្យល់ ដែលមាន​ទំហំតូចជាង 2.5 ម៉ៃក្រូម៉ែត្រ(ប្រហែលជា ៣០ ដងតូចជាងសរសៃសក់)។ ដោយសារ​តែ​វា​មានទំហំតូចខ្លាំង ធូលីទាំងនេះអាចចូលទៅក្នុងសួត និងឈាមបាន ហើយអាចបង្ក​គ្រោះ​​ថ្នាក់ដល់សុខភាពមនុស្ស។

ដើម្បីយល់ដឹងអំពីការបំពុលខ្យល់ និងការពារសុខភាពសាធារណៈ អ្នកវិទ្យាសាស្ត្រ​ប្រើវិធី​ពីរដើម្បីវាស់ PM2.5 គឺការវាស់នៅលើដី និងការវាស់ដោយផ្កាយរណប។ ទោះជាយ៉ាង​ណា លទ្ធផលពីវិធីទាំងពីរនេះជាញឹកញាប់មានភាពខុសគ្នា ព្រោះវាស់ក្នុងរបៀបខុសគ្នា។

១៖ ការវាស់ដោយប្រើឧបករណ៍នៅលើដី, ការវាស់ដោយផ្ទាល់

ឧបករណ៍វាស់នៅលើដី វាស់ PM2.5 ដោយផ្ទាល់ពីខ្យល់នៅជិតផ្ទៃដី ដែលជាតំបន់​ដែល​មនុស្សដកដង្ហើម។ ឧបករណ៍ទាំងនេះភាគច្រើន ត្រូវបានដំឡើងនៅក្នុងទីក្រុង ជិត​ផ្លូវ ឬតំបន់ឧស្សាហកម្ម។ ដោយសារតែវាវាស់ដោយផ្ទាល់ លទ្ធផលដែលទទួលបាន​មាន​ភាពត្រឹមត្រូវខ្ពស់សម្រាប់តំបន់ជាក់លាក់។ វាក៏អាចវាស់បានជាបន្តបន្ទាប់ពេញមួយថ្ងៃ ដែលបង្ហាញពីការប្រែប្រួលនៃការបំពុលខ្យល់។ ប៉ុន្តែការដំឡើង និងថែទាំ​ឧបករណ៍​ទាំង​នេះមានតម្លៃថ្លៃ ដូច្នេះវាមិនមាននៅគ្រប់ទីកន្លែងទេ ជាពិសេសនៅតំបន់ជនបទ ឬតំបន់​ឆ្ងាយ។

២៖ ការវាស់ដោយផ្កាយរណប-ការប៉ាន់ស្មានពីលើអាកាស

ផ្កាយរណបមិនវាស់ PM2.5 ដោយផ្ទាល់ទេ តែវាសង្កេតមើលពីរបៀបដែលធូលី និង​ភាគ​​ល្អិតក្នុងបរិយាកាស (ហៅថា Aerosol Optical Depth - AOD) ជះត្រឡប់ ឬ ស្រូប​ពន្លឺព្រះអាទិត្យ (តើពន្លឺព្រះអាទិត្យត្រូវបានធូលីក្នុងអាកាសបាំង ឬជះត្រឡប់​មក​វិញ​កម្រិតណា)។ បន្ទាប់មកអ្នកវិទ្យាសាស្ត្រប្រើរូបមន្តស្មុគស្មាញដើម្បីប៉ាន់ស្មានកម្រិត PM2.5 នៅផ្ទៃដី។ អត្ថប្រយោជន៍សំខាន់នៃផ្កាយរណប គឺវាអាចគ្របដណ្តប់តំបន់ធំៗ និងជួយវាស់ការបំពុលខ្យល់នៅកន្លែងដែលគ្មានស្ថានីយវាស់នៅលើដី។ ទោះជាយ៉ាង​ណា ដោយសារវាមិនវាស់នៅផ្ទៃដីដោយផ្ទាល់ លទ្ធផលអាចមានភាពមិនត្រឹមត្រូវខ្លះ។

៣៖ មូលហេតុភាពខុសគ្នានៃលទ្ធផលវាស់កម្រិត PM2.5 ដោយឧបករណ៍វាស់លើដី និងដោយផ្កាយរណប

មូលហេតុមួយសំខាន់ដែលធ្វើឱ្យលទ្ធផល PM2.5 ពីផ្កាយរណប និងឧបករណ៍នៅ​លើដី​ខុស​គ្នាគឺ៖
* ទីតាំង៖ ឧបករណ៍នៅលើដីបង្ហាញស្ថានភាពការបំពុលនៅកន្លែងតូចមួយ ខណៈដែល ផ្កាយរណបបង្ហាញជាមធ្យមលើតំបន់ធំ។ ដូច្នេះផ្កាយរណបអាចមិនចាប់បានតំបន់ ដែល​មានការបំពុលខ្លាំង ដូចជាជិតផ្លូវធំ ឬរោងចក្រ

* ពេលវេលា៖ ឧបករណ៍នៅលើដីវាស់បានពេញមួយថ្ងៃ ខណៈដែលផ្កាយរណបឆ្លង​កាត់​តំបន់មួយតែម្ដង ឬពីរដងក្នុងមួយថ្ងៃ ហើយត្រូវការអាកាសធាតុល្អគ្មានពពក។ ដូច្នេះ វា​អាចខកខានព្រឹត្តិការណ៍បំពុលខ្លះៗ ដូចជាការកកស្ទះចរាចរណ៍ ឬផ្សែងពីអគ្គិភ័យ
* លក្ខខណ្ឌអាកាសធាតុ៖ អាចប៉ះពាល់ដល់លទ្ធផលពីផ្កាយរណប។ ឧទាហរណ៍សំ​ណើម​ខ្ពស់ ឬពពក អាចធ្វើឱ្យការបំពុលមើលទៅខ្លាំងជាងការពិត​ ខណៈឧបករណ៍​នៅ​លើ​ដីមិនរងឥទ្ធិពលពីបញ្ហានេះច្រើនដូចផ្កាយរណបទេ។

ទោះបីជា​លទ្ធផល​ពីវិធីទាំងពីរមានភាពខុសគ្នា ការវាស់ដោយផ្កាយរណប និងឧបករណ៍​នៅលើដីសុទ្ធតែមានសារៈសំខាន់។ ឧបករណ៍នៅលើដីផ្តល់ព័ត៌មាន​ត្រឹមត្រូវសម្រាប់​តំបន់​ជាក់លាក់ ខណៈដែលផ្កាយរណបជួយឱ្យយល់ដឹងអំពីការ​បំពុលខ្យល់លើ​តំបន់​ធំៗ។ ការប្រើទិន្នន័យពីវិធីទាំងពីររួមគ្នា អាចផ្តល់រូបភាពច្បាស់លាស់​ជាងមុនអំពី​គុណ​ភាព​ខ្យល់ និងជួយការពារសុខភាពសាធារណៈបានល្អប្រសើរឡើង៕